ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បញ្ចេញយន្តហោះចម្បាំង ហោះតាមភ្លាមៗ ក្រោយឃើញយន្តហោះចិន និងរុស្ស៊ី ចូលមកជិតដែនអាកាសរបស់ខ្លួន

រូបភាពពី៖​ ROK Ministry of National Defense

បរទេស៖ យោធាកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបញ្ចេញយន្តហោះចម្បាំងហោះតាម ខណៈដែលយន្តហោះយោធាចិនពីរគ្រឿង និងរុស្ស៊ី បួនគ្រឿងបានចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន ដែលជាតំបន់ធំទូលាយជាងដែនអាកាសរបស់ប្រទេស។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងដោយ​ផ្អែកតាមការលើកឡើងរបស់អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូលថា យន្តហោះចិន និងរុស្ស៊ីបានចូល និងចេញពីតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េ (KADIZ) នៅសមុទ្រខាងកើត ដែលត្រូវបានគេស្គាល់ថាជាសមុទ្រជប៉ុន ចាប់ពីម៉ោង ១១:៥៣នាទីព្រឹក ដល់ម៉ោង ១២:១០នាទី យប់ ។

ទោះជាយ៉ាងណាក៏ដោយ “មិនមានការឈ្លានពានដែនអាកាសទេ” ហើយយោធាកូរ៉េខាងត្បូងបានកំណត់អត្តសញ្ញាណរបស់យន្តហោះ “មុនពេលយន្តហោះទាំងនោះចូលតំបន់ កំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េ និងបានពង្រាយយន្តហោះចម្បាំងរបស់កងទ័ពអាកាស ដើម្បីចាត់វិធានការយុទ្ធសាស្ត្រក្នុងការរៀបចំសម្រាប់ឧបទ្ទវហេតុណាមួយ” ។

តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស គឺជាតំបន់ធំទូលាយជាងដែនអាកាសរបស់ប្រទេស ដែលវាព្យាយាមគ្រប់គ្រងយន្តហោះសម្រាប់ហេតុផលសន្តិសុខ ប៉ុន្តែគោលគំនិតនេះមិនត្រូវបានកំណត់នៅក្នុងសន្ធិសញ្ញាអន្តរជាតិណាមួយឡើយ។

ចិន និងរុស្ស៊ី គឺជាសម្ព័ន្ធមិត្តប្រពៃណីរបស់កូរ៉េខាងជើង ហើយទីក្រុងវ៉ាស៊ីនតោន បានព្រមានកាលពីខែមុនថា ទំនាក់ទំនងយោធារវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ «រីកចម្រើន និងគ្រោះថ្នាក់»។

សហរដ្ឋអាមេរិកបានអំពាវនាវឱ្យទីក្រុងប៉េកាំង ដែលជាអ្នកផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំបំផុតរបស់កូរ៉េខាងជើង ឱ្យរារាំងទីក្រុងព្យុងយ៉ាង។

ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក Jake Sullivan បាននិយាយកាលពីសប្តាហ៍មុនថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរួមមាន ទីក្រុងសេអ៊ូល និងតូក្យូនឹង “ក្រោកឈរឡើង” សម្រាប់ស្ថិរភាពឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវទឹកដ៏រសើបមួយបំបែកតៃវ៉ាន់ចេញពីប្រទេសចិន។

សម្ព័ន្ធមិត្តទាំងបីក៏បានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះផងដែរ។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយលើកោះតៃវ៉ាន់ប្រជាធិបតេយ្យ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា

To Top