ព័ត៌មានអន្តរជាតិ

វិស័យទេសចរណ៍របស់ប៉ាឡេស្ទីន រំពឹងថា នឹងបាត់បង់ ២០០ លានដុល្លារនៅចុងឆ្នាំនេះ ដោយសារជម្លោះនៅតំបន់ហ្គាហ្សា

រូបភាពពី៖​ XINHUA

រ៉ាម៉ាឡា៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវត្ថុបុរាណ លោកស្រី Rula Maayah បានឲ្យដឹងថា ឧស្សាហកម្មទេសចរណ៍របស់ប៉ាឡេស្ទីន ត្រូវបានគេរំពឹងថានឹងបាត់បង់ ២០០លានដុល្លារនៅដំណាច់ឆ្នាំនេះ ក្រោមឥទ្ធិពលនៃការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន (WAFA) លោកស្រីបានឲ្យដឹងថា វិស័យទេសចរណ៍បានទទួលរងការខាតបង់ប្រចាំថ្ងៃជាមធ្យមចំនួន ២,៥ លានដុល្លារចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា។

លោកស្រីបានលើកឡើងថា វិស័យទេសចរណ៍របស់ប៉ាឡេស្ទីន បានប្រឈមមុខនឹងកាលៈទេសៈធ្ងន់ធ្ងរក្នុងអំឡុងរដូវកាលបុណ្យណូអែលឆ្នាំនេះ ជាពិសេសនៅតំបន់ហ្គាហ្សា និងតំបន់វេសបែង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកស្រីបានបន្ថែមថា ទីក្រុង Bethlehem ដែលជាទីក្រុងរបស់តំបន់ វេសបែង ដែលធ្លាប់ទាក់ទាញភ្ញៀវទេសចរក្នុងរដូវបុណ្យណូអែល ហាក់ដូចជាស្ងាត់ជ្រងំ ក្នុងរដូវរងានេះ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top