ហ្គាហ្សា៖ មេដឹកនាំក្រុមហាម៉ាសលោក Ismail Haniyeh បានឲ្យដឹងថា ក្រុមប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាជាមួយអ៊ីស្រាអែល នូវការរៀបចំ ឬគំនិតផ្តួចផ្តើមណាមួយ ដែលអាចនាំឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
លោក Haniyeh ប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស បានឲ្យដឹងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ដែលចាក់ផ្សាយលើទូរទស្សន៍ Al-Aqsa ដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាសថា “យើងបើកចំហរ ដើម្បីពិភាក្សាអំពីការរៀបចំ ឬគំនិតផ្តួចផ្តើមណាមួយ ដែលអាចបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែល ការរៀបចំទាក់ទងនឹងអនាគតរបស់ហ្គាហ្សា នឹងមិនជោគជ័យនោះទេ”។
លោក Haniyeh បានលើកឡើងថា ក្រុមហាម៉ាស បានស្វាគមន៍ចំពោះដំណោះស្រាយរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សា ហើយបានសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អារ៉ាប៊ីសាអូឌីត និងគណៈរដ្ឋមន្ត្រី ដែលត្រូវបានចាត់តាំងដោយកិច្ចប្រជុំកំពូលវិសាមញ្ញអារ៉ាប់-អ៊ីស្លាមរួមគ្នា ដើម្បីបញ្ចប់ជម្លោះហ្គាហ្សា។
លោកបានបញ្ជាក់ពីការបដិសេធរបស់ហាម៉ាស ចំពោះការរៀបចំនយោបាយក្រោយសង្គ្រាម ដែលមិនរាប់បញ្ចូលក្រុមហាម៉ាស់ និងក្រុមប៉ាឡេស្ទីនផ្សេងទៀត ហើយបានជំរុញឱ្យមានការកើនឡើងសម្ពាធអន្តរជាតិ ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា។
មុននេះ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល បានរាយការណ៍ពីការចាកចេញរបស់មេដឹកនាំក្រុមហាម៉ាសជាច្រើននាក់ពីកាតា ទៅកាន់គោលដៅ ដែលមិនត្រូវបានបង្ហាញ ដោយបង្ហាញពីការផ្លាស់ប្តូរទីតាំងសក្តានុពលទៅកាន់ប្រទេសដូចជាលីបង់ អ៊ីរ៉ង់ ឬអាល់ហ្សេរី។
ជម្លោះរបស់អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស ចាប់តាំងពីថ្ងៃទី០៧ ខែតុលា បានបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ១៨,៦០៨នាក់ត្រូវបានសម្លាប់ និង ៥០,៥៩៤នាក់ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា និងប្រហែល ១,២០០នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល៕ ប្រែសម្រួល ឈូក បូរ៉ា