ព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទំនិញអ៊ីស្រាអែល មានការធ្លាក់ចុះយ៉ាងខ្លាំង​ ចំពេលមានជម្លោះជាមួយក្រុមហាម៉ាស

Xinhua

យេរ៉ូសាឡឹម៖ ពាណិជ្ជកម្មទំនិញអន្តរជាតិរបស់អ៊ីស្រាអែល បានកត់ត្រាការធ្លាក់ចុះគួរ ឱ្យកត់សម្គាល់នៅក្នុងខែវិច្ឆិកា ចំពេលមានជម្លោះ ដែលកំពុងបន្តជាមួយក្រុមហាម៉ាស នេះបើយោងតាមទិន្នន័យ ដែលបានចេញផ្សាយ​ដោយការិយាល័យ ស្ថិតិកណ្តាលរបស់ប្រទេស។

ការនាំចេញរបស់អ៊ីស្រាអែលមានចំនួនសរុប ៤,៩១ ពាន់លានដុល្លារអាមេរិកក្នុងខែវិច្ឆិកា ធ្លាក់ចុះ ១៨,៣៩ ភាគរយធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២២ ខណៈដែលការនាំចូលរបស់អ៊ីស្រាអែល មានចំនួន ៦,៤២ ពាន់លានដុល្លារកាលពីខែមុន ធ្លាក់ចុះ ២១,៧៨ ភាគរយធៀបនឹងឆ្នាំមុន។

ការធ្លាក់ចុះដ៏សំខាន់បំផុត នៃការនាំចេញរបស់អ៊ីស្រាអែល ក្នុងខែវិច្ឆិកា ត្រូវបានកត់ត្រានៅក្នុងឧស្សាហកម្មគីមី ពេជ្រ និងឱសថ ខណៈដែលការធ្លាក់ចុះនៃការនាំចូលសំខាន់ គឺនៅក្នុងសម្លៀកបំពាក់ ប្រដាប់ប្រើប្រាស់ក្នុងផ្ទះ វត្ថុធាតុដើម និងប្រេងឥន្ធនៈ។

លោក Chen Herzog ប្រធានសេដ្ឋវិទូនៃក្រុមហ៊ុន BDO Consulting Israel បានប្រាប់កាសែតស៊ិនហួឲ្យដឹងថា ការថយចុះនៃការនាំចូលរបស់អ៊ីស្រាអែល គឺដោយសារតែការថយចុះនៃ ការប្រើប្រាស់ដោយសារតែជម្លោះ ជាមួយនឹងគ្រួសារប្រហែល ៣០ម៉ឺន មានអ្នកជ្រើសរើសសម្រាប់ទុនបម្រុងរបស់កងទ័ព។

លោក Herzog បានពន្យល់ថា ការថយចុះនៃការនាំចេញ គឺបណ្តាលមកពីការផ្លាស់ប្តូរ អាទិភាពដោយសារតែជម្លោះ ដោយផ្តោតលើទីផ្សារក្នុងស្រុកជាជាងទីផ្សារសកល ឧទាហរណ៍ទាក់ទងនឹង ឧស្សាហកម្មការពារជាតិ និងប្រេងឥន្ធនៈ។

លោកបានលើកឡើងថា “មូលហេតុផ្សេងទៀតគឺការបញ្ឈប់ការ នាំចេញឧស្ម័នធម្មជាតិទៅកាន់ប្រទេសអេហ្ស៊ីប រហូតដល់ពាក់កណ្តាលខែវិច្ឆិកា ដោយសារតែការបិទបណ្តោះអាសន្ននៃវាល Tamar នៅក្នុងសមុទ្រមេឌីទែរ៉ាណេ និងការថយចុះនៃការនាំចេញគីមី ពីកំពង់ផែ Eilat ភាគខាងត្បូងបំផុតដោយសារតែការ គំរាមកំហែងរបស់ក្រុមសកម្មប្រយុទ្ធហួទី របស់យេម៉ែននៅតំបន់សមុទ្រក្រហម”។

ទាក់ទងនឹងខែខាងមុខនេះលោក Herzog ព្យាករណ៍ពីការស្ទុះងើបឡើងវិញពេញលេញ នៃការនាំចេញរបស់អ៊ីស្រាអែល ប៉ុន្តែមិនរំពឹងថា នឹងមានការងើបឡើងវិញយ៉ាងឆាប់រហ័ស នៃការនាំចូលរបស់អ៊ីស្រាអែលនោះទេ ដោយសារគ្រួសារនឹងបន្ត កាត់បន្ថយការប្រើប្រាស់ដែលនឹង “ប៉ះពាល់ដល់ការនាំចូលរថយន្ត គ្រឿងសង្ហារឹម និងវត្ថុធាតុដើម សម្រាប់ការសាងសង់ផ្ទះ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top