បរទេស៖ កាសែត Bild របស់អាល្លឺម៉ង់ បានរាយការណ៍កាលពីថ្ងៃពុធ ដោយលើកឡើងពីការវិភាគរបស់ខ្លួន អំពីស្ថានភាពនៃកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋថា កងទ័ពអាល្លឺម៉ង់មិនមានកម្លាំង ឬឧបករណ៍ដែលត្រូវការដើម្បីការពារប្រទេសជាតិ ប្រកបដោយប្រសិទ្ធភាពនោះទេ។ កាសែតនេះ ក៏បានពិនិត្យមើលការព្រមានដែលបាន ចេញកាលពីសប្តាហ៍មុនដោយ ប្រធានអធិការប្រដាប់អាវុធ Carsten Breurer ដែលជាមន្ត្រីយោធាលំដាប់កំពូល របស់ប្រទេសអាល្លឺម៉ង់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅឆ្នាំ ២០១៨ រដ្ឋមន្ត្រីការពារជាតិនៅពេលនោះគឺ លោកស្រី Ursula von der Leyen មានគោលបំណងបង្កើន ចំនួនទាហានអាល្លឺម៉ង់ដល់ ២០៣.០០០ នាក់នៅឆ្នាំ ២០២៥។ រដ្ឋមន្ត្រីក្រសួងការពារជាតិបច្ចុប្បន្នលោក Boris Pistorius បានរុញពេលវេលាកំណត់ដល់ឆ្នាំ ២០៣១ និងរក្សាគោលដៅកម្លាំងដែលអ្នកជំនាញមួយចំនួន ចាត់ទុកថាមិនខ្ពស់គ្រប់គ្រាន់។ នេះបើតាមកាសែត Bild បានកត់សម្គាល់។
ចំនួនពិតប្រាកដនៃកងកម្លាំង ប្រដាប់អាវុធបានធ្លាក់ចុះពីប្រហែល ១៨៣.០០០ នាក់នៅរដូវក្តៅ មកត្រឹម ១៨១.៣៨៣នាក់ គិតត្រឹមចុងខែតុលា ដោយកន្លែងទំនេររាប់ពាន់នាក់មិនត្រូវបានបំពេញ។ មានតែ ០,៤% នៃចំនួនប្រជាជនអាល្លឺម៉ង់ សរុបនៅក្នុងជួរយោធា។
កាសែត Bild បានបង្ហាញចម្ងល់ថា តើអ្នកណានឹងការពារប្រទេសអាល្លឺម៉ង់ ក្នុងជម្លោះសម្មតិកម្មជាមួយមហាអំណាចបរទេស ដោយបញ្ជាក់ថា ទីក្រុងម៉ូស្គូគឺជាគូប្រជែងដែលទំនងបំផុត។ អ្នកជំនាញម្នាក់ដែលត្រូវបាន ដកស្រង់ដោយកាសែតនេះ គិតថា កាំជ្រួចល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ីអាចទៅដល់ ទីក្រុងប៊ែរឡាំងក្នុងរយៈពេល ៤ នាទី ខណៈដែលគាត់បានពិភាក្សាអំពី កង្វះការត្រៀមរៀបចំសង្រ្គាម នៅក្នុងប្រទេសសហភាពអឺរ៉ុប៕
ប្រែសម្រួលៈ ណៃ តុលា