ព័ត៌មានអន្តរជាតិ

មន្ទីរពេទ្យប៉ូលីសរបស់ថៃ បដិសេធបញ្ចេញព័ត៌មាន អំពីសុខភាពរបស់លោក ថាក់ស៊ីន

បរទេស៖ មន្ទីរពេទ្យទូទៅប៉ូលីស ក្នុងប្រទេសថៃ បានរំលឹកឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនមិនអាចបង្ហាញព័ត៌មានលម្អិត អំពីស្ថានភាពសុខភាព ឬការព្យាបាលរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននោះទេ ដោយលើកឡើងពីសិទ្ធិរបស់លោក ថាក់ស៊ីន ក្នុងនាមជាអ្នកជំងឺ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យរបស់មន្ទីរពេទ្យលោកស្រី Sirikul Srisanga បាននិយាយថា មន្ទីរពេទ្យអាចត្រឹមតែបង្ហាញព័ត៌មាន រសើបបែបនេះដល់សមាជិកគ្រួសារ របស់លោកថាក់ស៊ីន និងមន្ត្រីដែលមានការអនុញ្ញាតពី នាយកដ្ឋានកែប្រែតែប៉ុណ្ណោះ។

បន្ទាប់ពីបានចំណាយពេល ១៥ឆ្នាំ ក្នុងការនិរទេសខ្លួនដោយខ្លួនឯងនៅក្រៅប្រទេស លោកថាក់ស៊ីន បានវិលត្រឡប់មកប្រទេសថៃវិញនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣នេះ ដើម្បីជាប់ពន្ធនាគារពីបទពុករលួយដែល ផ្តើមចេញពីការកាន់តំណែងជានាយករដ្ឋមន្ត្រីចន្លោះឆ្នាំ ២០០១ ដល់ ២០០៦ ក្រោយមក ក៏មានការបន្ធូរបន្ថយទោសពីព្រះមហាក្សត្រ។

នៅយប់ដំបូងនៃការជាប់ឃុំលោក ថាក់ស៊ីន ត្រូវបាននាំចេញពីពន្ធនាគារបាងកក ទៅកាន់មន្ទីរពេទ្យប៉ូលិសទូទៅ ដើម្បីព្យាបាលស្ថានភាពមិនត្រូវបានបញ្ចេញ។ លោកត្រូវបានគេរាយការណ៍ថា បាននៅទីនោះតាំងពីពេលនោះមក ទោះបីជាអ្នករិះគន់ជាច្រើនអះអាងថា អតីតនាយករដ្ឋមន្ត្រីរូបនេះ ត្រូវបានផ្លាស់ទៅកន្លែងផ្សេងក៏ដោយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top