តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានសម្រេចចិត្ត ដើម្បីជំនួសសមាជិកគណៈរដ្ឋមន្ត្រីចំនួន ៤រូប រួមទាំងអ្នកនាំពាក្យ កំពូលរបស់រដ្ឋាភិបាលផងដែរ ដើម្បីឆ្លើយតបទៅនឹងរឿងអាស្រូវរៃអង្គាស ថវិកា នយោបាយពាក់ព័ន្ធនឹង បក្សពួកដ៏ធំបំផុតរបស់គណបក្ស ប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច ។
គណបក្ស LDP បានប្រឈមមុខនឹងការរិះគន់ ចំពេលមានការចោទប្រកាន់ថា បក្សពួកដែលពីមុនដឹកនាំ ដោយនាយករដ្ឋមន្ត្រីលោក ស៊ិនហ្ស៊ូ អាបេ ដែលត្រូវបានសម្លាប់នោះ បានបរាជ័យក្នុងការ ប្រកាសប្រាក់រាប់រយលានយ៉េន ក្នុងការរៃអង្គាស ប្រាក់ពីគណបក្ស នៅក្នុងរបាយការណ៍មូលនិធិ នយោបាយក្នុងការប៉ុនប៉ង ជាក់ស្តែង ដើម្បីបង្កើតមូលនិធិសម្ងាត់ ។
ក្នុងចំណោមបក្សពួកដែលរងរឿងអាស្រូវនោះ ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានលាលែងពីតំណែង។ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា លោកត្រូវបានគេរំពឹងថា នឹងត្រូវជំនួសដោយអតីតរដ្ឋមន្ត្រីការបរទេសលោក Yoshimasa Hayashi ដែលជាសមាជិកនៃបក្សពួកធំបំផុតទីបួននៅក្នុង LDP ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Yasutoshi Nishimura រដ្ឋមន្ត្រីកសិកម្មលោក Ichiro Miyashita និងរដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុងលោក Junji Suzuki ដែលសុទ្ធតែជាសមាជិកបក្សពួករបស់លោក អាបេ បានដាក់ពាក្យលាលែងពីតំណែង។
ការលាលែងពីតំណែងដ៏ធំបានធ្វើឱ្យគណបក្ស LDP ស្ថិតក្នុងស្ថានភាពមិនធម្មតា ដែលគ្មានតំណាងមកពីបក្សដ៏ធំបំផុតនៅក្នុងគណៈរដ្ឋមន្ត្រី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ប្រភពស៊ើបអង្កេតបានឲ្យដឹងថា លោក Matsuno ដែលបានបម្រើការជាអគ្គលេខាធិការនៃក្រុមធំជាងគេ សម្រាប់រយៈពេលពីរឆ្នាំរហូតដល់ឆ្នាំ២០២១ ត្រូវបានគេសង្ស័យថា មិនបានរាយការណ៍ ពីប្រាក់ចំណូលច្រើនជាង ១០លានយ៉េន (៦៩,០០០ដុល្លារ) ដែលរកបានពីព្រឹត្តិការណ៍ រៃអង្គាសប្រាក់របស់ក្រុម។
លោក Nishimura បានស្នងតំណែងជាអគ្គលេខាធិការបន្ដ ពីលោក Matsuno ដែលជាមុខតំណែង ដែលត្រូវបានគេមើលយ៉ាងទូលំទូលាយ ថាមានចំណេះដឹងអំពីលំហូរនៃប្រាក់ ហើយអ្នកកាន់តំណែង គឺប្រធានផ្នែកកិច្ចការ LDP Diet លោក Tsuyoshi Takagi ដែលបានឲ្យដឹងផងដែរថា លោកនឹងលាលែងពីមុខតំណែងបក្សរបស់លោក ៕
ប្រែសម្រួល ឈូក បូរ៉ា