ព័ត៌មានអន្តរជាតិ

របបយោធាមីយ៉ាន់ម៉ា និងកងជីវពលយល់ព្រមលើបទឈប់បាញ់ក្នុងកិច្ចចរចា ដែលសម្របសម្រួលដោយចិន

រូបភាពពី៖​ Kyodo

ប៉េកាំង៖ ប្រទេសចិនបានឲ្យដឹងថា យោធាដែលកំពុងកាន់អំណាចក្នុងប្រទេសមីយ៉ាន់ម៉ា និងសម្ព័ន្ធមិត្ត នៃកងជីវពលជនជាតិភាគតិចបានយល់ព្រមលើបទឈប់បាញ់បណ្តោះអាសន្ន និងបន្តការសន្ទនាក្នុងអំឡុងពេលកិច្ចចរចាសន្តិភាពដែលខ្លួនបានសម្រុះសម្រួល។

ក្រសួងការបរទេសចិនបានឲ្យដឹងថា “ប្រទេសចិនសង្ឃឹមថាភាគីពាក់ព័ន្ធនឹងអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយរួមគ្នាស្ដារស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា” ប៉ុន្មានថ្ងៃបន្ទាប់ពីកងជីវពលទាំង៣ បានប្តេជ្ញាបន្តការប្រយុទ្ធ ដើម្បីទម្លាក់របបយោធានៅក្នុងការវាយលុកដ៏ធំមួយដែលបានចាប់ផ្តើមនៅចុងខែតុលា។

ការវាយលុកនេះ រួមជាមួយនឹងការវាយប្រហារដោយក្រុមជនជាតិភាគតិចផ្សេងទៀត និងកងកម្លាំងប្រដាប់អាវុធគាំទ្រលទ្ធិប្រជាធិបតេយ្យ កំពុងបង្កបញ្ហាប្រឈមដ៏ធំបំផុត សម្រាប់យោធាចាប់តាំងពីវាបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១។

សម្ព័ន្ធភាតរភាពទាំង៣ រួមមានក្រុមបះបោរជនជាតិភាគតិច Kokang, Palaung និងRakhine ដែលមានមូលដ្ឋាននៅភាគខាងកើតរដ្ឋ Shan បានឲ្យដឹងថា ពួកគេនឹងមិនថយក្រោយពីការគាំទ្រ “មហិច្ឆតានយោបាយ” របស់ប្រជាជនមីយ៉ាន់ម៉ា ដែលបានរងការគាបសង្កត់ដោយយោធា។

សេចក្តីថ្លែងការណ៍របស់សម្ព័ន្ធភាពនេះ បានធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរបបយោធាបានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនបានធ្វើការចរចាដែលសម្របសម្រួលដោយប្រទេសចិនសម្រាប់បទឈប់បាញ់ជាមួយក្រុមយោធាជនជាតិភាគតិច។

សម្ព័ន្ធភាពបានកាន់កាប់ទីតាំងយោធាជាង ២០០ រួមទាំងទីប្រជុំជនជាច្រើននៅក្នុងរដ្ឋ Shan និងភាគខាងលិចរដ្ឋរ៉ាឃីន ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកដែលមានឈ្មោះថា “ប្រតិបត្តិការ ១០២៧” បន្ទាប់ពីកាលបរិច្ឆេទនៃការបាញ់បង្ហោះនៅថ្ងៃទី២៧ ខែតុលា៕ ប្រែសម្រួល ឈូក បូរ៉ា

To Top