ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បញ្ជាក់ថា​នឹង​បន្ត​ការ​ វាយលុក​នៅ​តំបន់​ហ្កាហ្សា បើ​ទោះ​បី​ជា​មាន​ការ​អំពាវនាវ​ឲ្យ មាន​បទ​ឈប់​បាញ់​ក៏ដោយ

Xinhua

យេរ៉ូសាឡឹម៖ មេដឹកនាំអ៊ីស្រាអែល បានប្រាប់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា អ៊ីស្រាអែល នឹងបន្តការវាយលុកយោធារបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបប៉ាឡេស្ទីន ទោះបីជាមានការអំពាវនាវអន្តរជាតិ ឱ្យមានការឈប់បាញ់ក៏ដោយ។

លោក Sullivan ស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល សម្រាប់កិច្ចប្រជុំជាមួយក្រុមមន្ត្រី ខណៈដែលសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភរបស់ខ្លួន អំពីការកើនឡើងចំនួនជនស៊ីវិល ក្នុងការវាយប្រហារបន្តរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា។

ថ្លែងទៅកាន់សារព័ត៌មានជាមួយលោក Sullivan រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានឲ្យដឹងថា សង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស “នឹងត្រូវការរយៈពេលវែង វានឹងមានរយៈពេលជាងជាច្រើនខែ” ។

អ្នកទាំងពីរបានជួបគ្នានៅក្នុង ក្រសួងការពារជាតិអ៊ីស្រាអែលក្នុងទីក្រុង Tel Aviv ដើម្បីពិភាក្សាអំពីការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ជម្លោះព្រំដែនរបស់ខ្លួនជាមួយប្រទេសលីបង់ ហើយចំណាប់ខ្មាំងរាប់សិបនាក់ នៅតែរក្សាទុកនៅតំបន់ហ្គាហ្សា នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការពារជាតិអ៊ីស្រាអែល។

ដោយសំដៅទៅលើការវាយប្រហាររបស់កងកម្លាំង Houthi របស់យេម៉ែនលើកប៉ាល់ ដែលភ្ជាប់ជាមួយអ៊ីស្រាអែល ក៏ដូចជាទីក្រុង Eilat ដែលជាទីក្រុងរមណីយដ្ឋានរបស់អ៊ីស្រាអែល នៅលើច្រាំងសមុទ្រក្រហម។

លោក Gallant បានលើកឡើងថា អ៊ីស្រាអែលនឹងគាំទ្រ “កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការទប់ទល់នឹងការគំរាមកំហែង របស់កងទ័ពជើងទឹក ហើយនឹងការពារខ្លួនប្រឆាំងនឹង ការគំរាមកំហែងណាមួយ”។

ក្រោយមក Sullivan បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលបានថ្លែងអំណរគុណ ដល់សហរដ្ឋអាមេរិកសម្រាប់ “ការគាំទ្រសម្រាប់អ៊ីស្រាអែលក្នុងការផ្គត់ផ្គង់អាវុធ ក្នុងការទប់ស្កាត់ការប៉ុនប៉ង នៅអង្គការសហប្រជាជាតិ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា និងក្នុងជំនួយក្នុងការបញ្ជូន ចំណាប់ខ្មាំងរបស់យើងមកវិញ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top