ព័ត៌មានអន្តរជាតិ

លោក Putin ៖ រុស្សីរំពឹងទុកគម្រោងធំៗ ច្រើនទៀត រយៈពេលមួយទសវត្សក្រោយ

RT

បរទេស ៖ លោកប្រធានាធិបតី Vladimir Putin បានថ្លែងកាលពីថ្ងៃសុក្រម្សិលមិញ ទៅកាន់ក្រុមហ៊ុនឧស្សាហកម្មដ៏ធំមួយនៅទីក្រុងមូស្គូថា ទសវត្សរ៍ខាងមុខនេះ យើងនឹងអាចឃើញប្រទេសរុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធ របស់ខ្លួនយ៉ាងខ្លាំង ជាពិសេសក្នុងការដឹកជញ្ជូនផ្លូវដែក។

យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតីបានបន្ថែមថា គម្រោងដែលបានគ្រោង ទុកនឹងមានឥទ្ធិពលមិនត្រឹមតែលើបណ្តាញ ភ័ស្តុភាររបស់រុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងទ្វីបអឺរ៉ាស៊ី ទាំងមូលផងដែរ ។

រុស្ស៊ីបាននិងកំពុងអភិវឌ្ឍ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងសកម្មជាមួយបណ្តាប្រទេសនានាក្នុងអាស៊ី និងកន្លែងផ្សេងទៀត ចំពេលមានការដាក់ទណ្ឌកម្ម ដែលមិនធ្លាប់មានពីមុនមក ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចជុំវិញ ជម្លោះយោធាដែលកំពុងបន្ត របស់ទីក្រុងម៉ូស្គូជាមួយអ៊ុយក្រែន ។

គួរឲ្យដឹងដែរថា បើយោងតាមរបាយការណ៍ ពីទីភ្នាក់ងារជាតិគយនៃសហព័ន្ធរុស្ស៊ី ហៅកាត់ថា FTS ពាណិជ្ជកម្មជាមួយអាស៊ី មានចំនួនប្រហែល៧០ភាគរយនៃទំហំពាណិជ្ជកម្ម សរុបរបស់រុស្ស៊ីនៅចន្លោះ ខែមករា ដល់ខែកញ្ញាឆ្នាំ២០២៣៕

ប្រែសម្រួល៖ស៊ុនលី

To Top