គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ថា អាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងកាលពីថ្ងៃសុក្រថា ក្រុមបាតុករស្លូវ៉ាគី និងប៉ូឡូញ បានចាប់ផ្តើមបន្ធូរបន្ថយភាពតានតឹងក្នុងការបិទផ្លូវនៅតាមព្រំដែនរបស់ពួកគេជាមួយអ៊ុយក្រែន ដែលបានធ្វើឱ្យស្ទះចរាចរណ៍ឆ្លងកាត់ព្រំដែន ។
ក្រុមសេវាឆ្មាំព្រំដែនរដ្ឋ ហៅកាត់ (SBGS) របស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចរាចរណ៍រថយន្តដឹកទំនិញនៅតាមព្រំដែនជាមួយស្លូវ៉ាគី បានកើនឡើងជាបណ្តើរៗវិញហើយចាប់តាំងពីអ្នកដឹកជញ្ជូនស្លូវ៉ាគីបានឈប់បិទច្រកឆ្លងកាត់ Vysne Nemecke-Uzhhorod កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ។
ក្រុម SBGS បានឲ្យដឹងនៅលើបណ្តាញ Telegram ថា គិតត្រឹមព្រឹកថ្ងៃសុក្រ រថយន្តដឹកទំនិញចំនួន៦០គ្រឿងត្រូវបានចុះបញ្ជីសម្រាប់ការចាកចេញពីអ៊ុយក្រែនទៅកាន់ប្រទេសស្លូវ៉ាគី ខណៈដែលរថយន្តចំនួន១.០៦៥គ្រឿងផ្សេងទៀតកំពុងរង់ចាំនៅក្នុងជួរអេឡិចត្រូនិចដើម្បីឆ្លងកាត់ព្រំដែនស្លូវ៉ាគី ។
លោក Andriy Demchenko អ្នកនាំពាក្យរបស់ SBGS បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ចំនួនរថយន្តដឹកទំនិញរបស់អ៊ុយក្រែន ឆ្លងកាត់ព្រំដែនជាមួយប្រទេសប៉ូឡូញ នៅឯប៉ុស្តិ៍ត្រួតពិនិត្យ Yahodyn-Dorogusk បានវិលត្រឡប់មកកម្រិតមុនការទប់ស្កាត់វិញហើយ ។
លោក Demchenko បានលើកឡើងថា កាលពីថ្ងៃព្រហស្បតិ៍រថយន្តដឹកទំនិញប្រហែល១.២០០បានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ Yahodyn-Dorogusk ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា