ព័ត៌មានអន្តរជាតិ

ជប៉ុន ​និង​អាស៊ាន ​ប្ដេជ្ញា​ពង្រីក​កិច្ច​សហប្រតិបត្តិការ ​​កាន់តែ​ទូលំទូលាយ ខណៈ​​​ប្រារព្ធ​ខួប ​៥០​ឆ្នាំ​នៃ​ទំនាក់ទំនង​

Kyodo
" "

តូក្យូ៖ ប្រទេសជប៉ុន និងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ បានព្រមព្រៀងគ្នា កាលពីថ្ងៃអាទិត្យ ដើម្បីធ្វើឱ្យទំនាក់ទំនង កាន់តែស៊ីជម្រៅ ក្នុងវិស័យសន្តិសុខ និងសេដ្ឋកិច្ច ជាមួយនឹងបរិយាកាស ភូមិសាស្ត្រ នយោបាយ ដែលផ្លាស់ប្តូរចំពេល មានការកើនឡើង នៃឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងកិច្ចប្រជុំកំពូល ដើម្បីរំលឹកខួប ៥០ឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម នៃចក្ខុវិស័យ​ ដែលបានចេញផ្សាយ បន្ទាប់ពីការប្រមូលផ្តុំនៅទីក្រុងតូក្យូ មេដឹកនាំបានសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការលើសន្តិសុខដែនសមុទ្រ ពង្រឹងខ្សែសង្វាក់ ផ្គត់ផ្គង់ លើកកម្ពស់ការអនុវត្តថាមពល ប្រកបដោយនិរន្តរភាព និងពង្រីកការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក្នុងវិស័យផ្សេងៗ។

" "

សេចក្តីថ្លែងការណ៍បានបង្ហាញថា ក្នុងចំណោមកិច្ចខិតខំប្រឹង ប្រែងថ្មីផ្សេងទៀត ក្នុងការជំរុញបន្ថែមទៀតនូវ សេដ្ឋកិច្ចនៅក្នុងតំបន់ ដែលរីកចម្រើនយ៉ាងឆាប់រហ័ស គឺការជួយដល់ការចាប់ផ្តើមអាជីវកម្មឌីជីថល ក៏ដូចជាការពន្លឿនការ វិនិយោគសាធារណៈ និងឯកជន ដើម្បីសម្រេចបាននូវ ការរំលាយកាបូនឌីអុកស៊ីត។

" "

នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ត្រូវបានដកស្រង់សម្តីដោយរដ្ឋាភិបាល របស់លោកថា ប្រទេសជប៉ុន នឹងចាត់វិធានការ ដើម្បីកៀងគរមូល និធិសាធារណៈ និងឯកជនជាង ៣៥ពាន់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីសម្រួលដល់ការ វិនិយោគក្នុងអាស៊ាន ទន្ទឹមនឹងនោះក៏ជំរុញការផ្លាស់ប្តូរមេដឹកនាំអាជីវកម្ម វ័យក្មេងជាមួយតំបន់ផងដែរ ។

មេដឹកនាំក៏បានប្រកាសពីការចាប់ផ្តើម គំនិតផ្តួចផ្តើមថ្មីមួយ សម្រាប់ឧស្សាហកម្មរថយន្តជំនាន់ក្រោយ សំដៅរៀបចំផែនការ យុទ្ធសាស្រ្ត ដើម្បីអាចឱ្យអាស៊ាន បន្តក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់រថយន្ដ និងការនាំចេញ​៕
ប្រែសម្រួល ឈូក បូរ៉ា

To Top