តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានសន្យាថា នឹងសហការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីកែលម្អសេដ្ឋកិច្ចរៀងៗខ្លួនតាមរយៈការជំរុញការវិនិយោគនៅក្នុងប្លុក ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
នៅក្នុងពិធីជប់លៀងជាមួយមេដឹកនាំអាស៊ាន នៅមុនថ្ងៃនៃកិច្ចប្រជុំកំពូលពិសេស ដើម្បីរំលឹកខួបលើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងក្រុមសមាជិកអាស៊ានទាំង១០ លោក គីស៊ីដា ក៏បានប្រកាសពីការចាប់ផ្តើមគំនិតផ្តួចផ្តើមថ្មីមួយ សម្រាប់ឧស្សាហកម្មរថយន្តជំនាន់ក្រោយ។
លោក គីស៊ីដា បានឲ្យដឹងថា គំនិតផ្តួចផ្តើមនេះ គឺសំដៅលើការគូសផែនទីយុទ្ធសាស្ត្រ ដែលអាចឱ្យអាស៊ាន បន្តក្លាយជាមជ្ឈមណ្ឌលផលិតកម្ម និងនាំចេញរថយន្តរបស់ពិភពលោក ខណៈប្តេជ្ញាបង្កើតកម្មវិធីផ្លាស់ប្តូរមនុស្សរវាងប្រទេសជប៉ុន និងតំបន់ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។
លោក គីស៊ីដា បានលើកឡើងថា តាមរយៈការរួមដៃគ្នា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេ “សណ្តាប់ធ្នាប់សកលលោកសេរី និងបើកចំហ ដោយផ្អែកលើនីតិរដ្ឋនឹងមានភាពរួបរួមកាន់តែច្រើន” ដោយអំពាវនាវឱ្យអាស៊ាន បង្កើតសន្តិភាព និងវិបុលភាពរួមគ្នានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
កិច្ចសហប្រតិបត្តិការយ៉ាងសំខាន់របស់ទីក្រុងតូក្យូជាមួយអាស៊ាន បានត្រលប់ទៅឆ្នាំ១៩៧៣ នៅពេលដែលពួកគេបង្កើតវេទិកា ស្តីពីវេទិការស៊ីនេទិក ជាដំណោះស្រាយ ចំពោះជម្លោះពាណិជ្ជកម្មលើការនាំចេញកៅស៊ូរបស់ជប៉ុន។ លោកបានបន្ដថា ប្រទេសជប៉ុន នឹងពន្លឿនការផ្លាស់ប្តូរអ្នកដឹកនាំអាជីវកម្មវ័យក្មេងជាមួយតំបន់។
លោក គីស៊ីដា គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិសេសជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ។ មន្ត្រីរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថាបន្ទាប់ពីការប្រមូលផ្តុំ “សេចក្តីថ្លែងការណ៍រួម” ត្រូវបានគេរំពឹងថា នឹងចេញ រួមជាមួយនឹងផែនការអនុវត្តរបស់ខ្លួន៕ ប្រែសម្រួល ឈូក បូរ៉ា