ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា រុស្ស៊ី មិនចាប់អារម្មណ៍ក្នុងការ ធ្វើសង្រ្គាមជាមួយប្រទេស NATO នោះទេ ។
នៅក្នុងបទសម្ភាសន៍ជាមួយ ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយថា លោក ពូទីន បានច្រានចោលការអះអាងដែលថា ប្រទេសរុស្ស៊ីអាចវាយប្រហារអង្គការ NATO ថា “មិនសមហេតុផល និងជារូបភាពនៃការនិយាយ” ។

លោកបានឲ្យដឹងថា ទីក្រុងម៉ូស្គូ និងប្រទេស NATO “មិនមានការទាមទារទឹកដី ប្រឆាំងនឹងគ្នាទៅវិញទៅមកទេ” ដោយសង្កត់ធ្ងន់ថា រុស្ស៊ី មិនស្វែងរកទំនាក់ទំនងជូរចត់ ជាមួយប្រទេសនៃអង្គការ NATO នោះទេ ។
លោកបានថ្លែងថា ផ្ទុយទៅវិញ រុស្ស៊ី បានចាប់អារម្មណ៍ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនង ជាមួយប្រទេសទាំងនេះដដែល ។
ដោយរិះគន់គម្រោងរបស់ ប្រទេសលោកខាងលិចមួយចំនួន ក្នុងការចាប់ផ្តើមបដិវត្តន៍ពណ៌ ក្នុងប្រទេសរបស់លោក លោកពូទីនបានថ្លែងថា វានឹងមិនដំណើរការនៅក្នុងប្រទេសរុស្ស៊ី ដែលជា “រដ្ឋសេរី ឯករាជ្យ និងអធិបតេយ្យភាពឡើយ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
