ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ធ្វើសមយុទ្ធបាញ់បង្ហោះមីស៊ីល ICBM ត្រកូល Hwasong-18

សេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួនបានធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីលឆ្លងទ្វីប Hwasong-18 ដើម្បីទប់ទល់នឹងការគម្រាមកំហែងផ្នែកយោធាដោយសហរដ្ឋអាមេរិក ដោយមានមេដឹកនាំគីម ជុងអ៊ុន សង្កេតមើលដោយផ្ទាល់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ។

របាយការណ៍នេះមិនបានបញ្ជាក់ថានៅពេលណាដែលការធ្វើតេស្តនេះត្រូវបានធ្វើឡើងនោះទេ ប៉ុន្តែវាត្រូវបានគេជឿថាសំដៅទៅលើការបាញ់បង្ហោះមីស៊ីល ICBM ឆ្ពោះទៅកាន់សមុទ្រជប៉ុន កាលពីថ្ងៃចន្ទ។ ទីក្រុងតូក្យូបានឲ្យដឹងថា មីស៊ីលមានសក្តានុពលអាចវាយប្រហារគ្រប់ទីកន្លែងក្នុងទ្វីបអាមេរិក។

ប្រភពពី KCNA បានឲ្យដឹងថា មីស៊ីលនេះបានធ្វើដំណើរឡើងដល់កម្ពស់អតិបរមា ៦,៥១៨,២ គីឡូម៉ែត្រ និងហោះបានចម្ងាយ ១,០០២,៣ គីឡូម៉ែត្រ ប្រហែល ៧៣នាទី មុនពេលចុះចតយ៉ាងត្រឹមត្រូវនៅលើតំបន់កំណត់ទុកជាមុនក្នុងដែនទឹកបើកចំហនៃសមុទ្រជប៉ុន។ KCNA បានឲ្យដឹងថា សមយុទ្ធនេះមិនមានផលប៉ះពាល់អវិជ្ជមានអ្វីឡើយដល់សន្តិសុខនៃប្រទេសជិតខាង។

ទីភ្នាក់ងារសារព័ត៌មានបានឲ្យដឹងថា លោក គីម បានឲ្យដឹងថា ការបាញ់បង្ហោះនេះ គឺជាឱកាសមួយដើម្បីបង្ហាញយ៉ាងច្បាស់នូវជម្រើសអ្វីដែលកូរ៉េខាងជើងនឹងទទួលយក “នៅពេលដែលទីក្រុងវ៉ាស៊ីនតោន ធ្វើការសម្រេចចិត្តខុស” ហើយបានកំណត់នូវកិច្ចការសំខាន់ៗថ្មីៗមួយចំនួន សម្រាប់ការពន្លឿនការអភិវឌ្ឍន៍កងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ប្រទេស។

ប្រទេសកូរ៉េខាងជើង បានរិះគន់កិច្ចប្រជុំលើកទីពីរនៃក្រុមប្រឹក្សានុយក្លេអ៊ែរ ដែលបានធ្វើឡើងនាពេលថ្មីៗនេះរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលបានពិភាក្សាអំពីផែនការប្រតិបត្តិការនុយក្លេអ៊ែរ និងអាវុធយុទ្ធសាស្ត្រ។ ខ្លួនក៏បានថ្កោលទោសផងដែរចំពោះការបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក Missouri ទៅកាន់ទីក្រុងប៊ូសាន កាលពីចុងសប្តាហ៍កន្លងទៅ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top