ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ គ្រោងដាក់ពង្រាយកម្លាំង នៃកងពលតូចធ្ងន់ នៅជិតព្រំដែនរុស្ស៊ី

RT NEWS

បរទេស៖ ប្រទេសអាល្លឺម៉ង់ និង ប្រទេសលីទុយអានី កាលពីថ្ងៃចន្ទបានចុះហត្ថលេខា លើផែនទីបង្ហាញផ្លូវមួយសម្រាប់អ្វីដែល ត្រូវបានកំណត់ថា នឹងក្លាយជាការដាក់ពង្រាយកងទ័ពអាល្លឺម៉ង់ ដ៏ធំបំផុតនៅលើទឹកដីបរទេស ក្នុងយុគសម័យទំនើប។ នៅក្រោមផែនការនេះ គឺកងពលតូចដែលមានកម្លាំង ៥.០០០នាក់ នឹងត្រូវឈរជើងតិចជាង ២០ គីឡូម៉ែត្រ ពីព្រំដែនជាមួយបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងម៉ូស្គូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសលីទុយអានីក៏មានព្រំប្រទល់ជាប់នឹង តំបន់ភាគខាងលិចបំផុតរបស់រុស្ស៊ីគឺទីក្រុង Kaliningrad ។

កិច្ចព្រមព្រៀងនេះត្រូវបានផ្សាភ្ជាប់ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ Boris Pistorius ទៅកាន់ប្រទេសនៅតំបន់បាល់ទិក ជាកន្លែងដែលលោកបានជួប ជាមួយសមភាគីលីទុយអានីគឺ Arvydas Anusauskas ។ ទីក្រុងប៊ែរឡាំងបានដឹកនាំកម្លាំង ជំរុញពហុជាតិសាសន៍របស់អង្គការណាតូ ដែលឈរជើងនៅក្នុងប្រទេសនេះរួចហើយ ហើយបានសម្រេចចិត្តបង្កើនវត្តមាន យោធារបស់ខ្លួនកាលពីឆ្នាំមុន។

អាល្លឺម៉ង់គ្រោងនឹងរក្សាទាហានចំនួន ៤.៨០០ នាក់ និងអ្នកឯកទេសស៊ីវិល ២០០ នាក់ក្នុងប្រទេសជាមូលដ្ឋានអចិន្ត្រៃយ៍ ដោយមានសព្វាវុធធុនធ្ងន់ និងរចនាសម្ព័ន្ធគាំទ្រ។ ការផ្លាស់ទីលំនៅនឹង ចាប់ផ្តើមនៅត្រីមាសទីពីរនៃឆ្នាំ ២០២៤ ដោយកងពលតូចគ្រោងនឹងឈានដល់ ការត្រៀមខ្លួនប្រយុទ្ធពេញលេញនៅឆ្នាំ ២០២៧, នេះបើយោងតាមក្រសួងការពារជាតិអាល្លឺម៉ង់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top