ព័ត៌មានអន្តរជាតិ

ចិន និងកូរ៉េខាងជើង យល់ព្រមពង្រឹងទំនាក់ទំនង​ កាន់តែស៊ីជម្រៅ ចំពេលមានការបាញ់មីស៊ីល

Kyodo

សេអ៊ូល៖ ប្រទេសចិន និងកូរ៉េខាងជើង បានព្រមព្រៀងគ្នាក្នុងការធ្វើឱ្យ កាន់តែស៊ីជម្រៅនូវមិត្តភាពរបស់ពួកគេ និងលើកកម្ពស់ការអភិវឌ្ឍស្ថិរភាព នៃទំនាក់ទំនងទ្វេភាគី ដោយទីក្រុងប៉េកាំងកំពុងស្វែងរកដំណោះស្រាយ នយោបាយនៃបញ្ហាជុំវិញឧបទ្វីបកូរ៉េ បន្ទាប់ពីការបាញ់មីស៊ីលផ្លោង របស់ទីក្រុងព្យុងយ៉ាង។

មន្ត្រីការទូតកំពូលរបស់ចិន លោក វ៉ាង យី និងលោក Pak Myong Ho អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានចែករំលែកទស្សនៈថា អ្នកជិតខាងអាស៊ីទាំងពីរគួរតែ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ខណៈដែលពួកគេប្រារព្ធខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៤។

រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់អ្វីដែលគេជឿថា ជាមីស៊ីលប្រភេទអន្តរទ្វីប ឆ្ពោះទៅកាន់សមុទ្រជប៉ុន ត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីកាំជ្រួចមួយគ្រាប់ទៀត ត្រូវបានបាញ់ក្នុងទិសដៅដូចគ្នា។ ទីក្រុងតូក្យូ បានឲ្យដឹងថា កាំជ្រួចចុងក្រោយបង្អស់មានសក្ដានុពល អាចវាយប្រហារគ្រប់ទីកន្លែងក្នុងទ្វីបអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ការដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ តាមរយៈការរារាំងយោធា “នឹងមិនដំណើរការទេ ហើយនឹងធ្វើផ្ទុយពីនេះ ហើយធ្វើឱ្យបញ្ហា និងភាពតានតឹងកាន់តែអាក្រក់ទៅៗ”។

សុន្ទរកថារបស់លោកត្រូវបានគេមើលឃើញថា ជាសារព្រមានមួយចំពេលមានកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ សន្តិសុខរបស់ពួកគេឱ្យកាន់តែស៊ីជម្រៅ។

លោក វ៉ាង យី បានលើកឡើងថា “ការសន្ទនា និងការពិគ្រោះយោបល់ គឺជាមធ្យោបាយជាមូលដ្ឋាន” ដើម្បីដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ” ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធប្រឈមមុខ នឹងបញ្ហាឫសគល់របស់ពួកគេ ហើយចាត់វិធានការជាក់ស្តែង ដើម្បីជំរុញដំណោះស្រាយនយោបាយរបស់ពួកគេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top