ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិអាមេរិក បង្ហាញបង្កើតប្រតិបត្តិការចម្រុះ ដើម្បីការពារនៅសមុទ្រក្រហម ចំពេលមានការវាយប្រហារញឹកញាប់លើនាវាដឹកទំនិញ

AFP

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅក្នុងសេចក្តីថ្លែងការណ៍មួយបានប្រកាសពីការបង្កើតប្រតិបត្តិការចម្រុះ ដើម្បីការពារសមុទ្រក្រហម ចំពេលមានការកើនឡើងនៃការវាយប្រហាររបស់ក្រុមឧទ្ទាម ហួធី នៅប្រទេសយេម៉ែន លើនាវាដឹកទំនិញ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍បាននិយាយកាលពីថ្ងៃច័ន្ទថា “ថ្ងៃនេះខ្ញុំកំពុងប្រកាសពីការបង្កើត Operation Prosperity Guardian ដែលជាគំនិតផ្តួចផ្តើមសន្តិសុខពហុជាតិដ៏សំខាន់ថ្មីមួយ ក្រោមឆ័ត្រនៃកងកម្លាំងដែនសមុទ្ររួមបញ្ចូលគ្នា និងការដឹកនាំនៃក្រុមការងារ 153 របស់ខ្លួន ដែលផ្តោតលើសន្តិសុខនៅសមុទ្រក្រហម” ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយទៀតថា ចក្រភពអង់គ្លេស បារ៉ែន កាណាដា បារាំង អ៊ីតាលី ហូឡង់ ន័រវេស ស៊ីស្ហែល និងអេស្ប៉ាញ នឹងចូលរួមក្នុងប្រតិបត្តិការចម្រុះជាតិសាសន៍ថ្មី ដើម្បីការពារផ្លូវដឹកជញ្ជូនក្នុងសមុទ្រក្រហម។

ការប្រកាសរបស់ លោក Austin នេះគឺបានកើតឡើងនៅពេលដែលលោក Bader Al-Saif ប្រធានស្ថាបនិកនៃ Al-Saif Consulting និងជាជំនួយការសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Kuwait បានប្រាប់ Sputnik ថា សកម្មភាពយោធាណាមួយរបស់សហរដ្ឋអាមេរិកអាច “នាំទៅរករលកមួយទៀតក្នុងការពង្រីកសង្រ្គាម” នៅយេម៉ែន៕
ប្រែសម្រួលៈ ណៃ តុលា

To Top