ព័ត៌មានអន្តរជាតិ

ឡាតវី ដែលជាសមាជិកអឺរ៉ុប គ្រោងនឹងបណ្តេញជនជាតិរុស្ស៊ីជាង ១.០០០នាក់ ចេញពីប្រទេសរបស់ខ្លួន

AFP

បរទេស ៖ ប្រធានការិយាល័យកិច្ចការពលរដ្ឋ និងទេសន្តរប្រវេសន៍ជាតិ (PMLP) របស់ប្រទេសឡាតវី លោកស្រី Maira Roze បានប្រកាសថា ប្រទេសឡាតវី គ្រោងនឹងបណ្តេញពលរដ្ឋរុស្សី ជាង ១.០០០នាក់ចេញពីប្រទេស។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងមូស្គូធ្លាប់បានព្រមានថា ការនិរទេសនឹងជា “ការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ” ដោយសមាជិកសហភាពអឺរ៉ុប។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី Roze បានប្រាប់ទូរទស្សន៍ TV3 កាលពីថ្ងៃអាទិត្យថា វិធានការនេះនឹងប៉ះពាល់ដល់ពលរដ្ឋរុស្ស៊ីដែលមិនបានដាក់ពាក្យសុំសិទ្ធិស្នាក់នៅទាន់ពេល ឬមិនបានប្រឡងជាប់ជាភាសាឡាតវីមុនកាលបរិច្ឆេទកំណត់។

លោកស្រីបន្តថា “មនុស្សជាងមួយ ពាន់នាក់ត្រូវនិរទេស។ យើងឃើញថាមានអ្នកយឺតយ៉ាវជាច្រើននាក់ ដែលនៅតែព្យាយាមដាក់ឯកសារ សម្រាប់លិខិតអនុញ្ញាតស្នាក់នៅបណ្តោះអាសន្ន ប៉ុន្តែជាអកុសល យើងអាចប្រាប់ពួកគេថា “អ្នកត្រូវតែចាកចេញ” ។

ប្រធាន PMLP រូបនេះបានទទូចថា ប្រសិនបើពលរដ្ឋរុស្ស៊ីនៅក្នុងប្រទេសឡាតវី “មិនធ្វើការ គ្មានគ្រួសារ… គ្មានអ្វីសម្រាប់ស្នាក់នៅនោះទេ” នោះពួកគេគ្មានការការពារនៅក្រោមច្បាប់របស់ប្រទេសនោះទេ ។

យោងតាមលោកស្រី Roze គឺថា ពលរដ្ឋរុស្ស៊ីដែលរងផលប៉ះពាល់នឹងត្រូវបានផ្តល់ពេល ៣០ ថ្ងៃដើម្បីចាកចេញពីទឹកដីឡាតវី។ ទោះជាយ៉ាងណាក៏ដោយ អាណត្តិនោះអាចអូសបន្លាយរហូតដល់មួយឆ្នាំក្រោមលក្ខខណ្ឌជាក់លាក់។

សូមជម្រាបថា ពលរដ្ឋរុស្ស៊ីសរុបចំនួន ១៥.៥០០ នាក់បានស្នើសុំការអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្ននៅឡាតវីមុនថ្ងៃទី ១ ខែកញ្ញា ខណៈដែលប្រហែល ៣.០០០ នាក់ផ្សេងទៀតបានស្នើសុំការអនុញ្ញាតឱ្យស្នាក់នៅអចិន្ត្រៃយ៍។ លោកស្រី Roze ប្រធានការិយាល័យកិច្ចការពលរដ្ឋ និងទេសន្តរប្រវេសន៍ជាតិ (PMLP) របស់ប្រទេសឡាតវី បាននិយាយថា មានជនជាតិរុស្សីជាច្រើនពាន់នាក់មិនបានដាក់ឯកសាររបស់ពួកគេ ឬបានបរាជ័យក្នុងការប្រឡងភាសាឡាតវីលើកដំបូងរបស់ពួកគេមុនថ្ងៃកំណត់៕
ប្រែសម្រួលៈ ណៃ តុលា

To Top