សេអ៊ូល៖ ក្រសួងការពារជាតិ កូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានចាប់ផ្តើមប្រតិបត្តិការប្រព័ន្ធមួយ ដើម្បីចែករំលែកព័ត៌មាន ពេលវេលាជាក់ស្តែង អំពីមីស៊ីលផ្លោង របស់កូរ៉េខាងជើង។
ការផ្លាស់ប្តូរនេះបានកើតឡើងនៅពេលដែលប្រទេសនានា ពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី ចំពេលមានការបាញ់សាកល្បង កាំជ្រួច ម្តងហើយម្តងទៀត ដោយទីក្រុងព្យុងយ៉ាង។ ប្រព័ន្ធនេះត្រូវបានគេរំពឹងថា នឹងអាចឱ្យប្រទេសទាំង៣ អាចរកឃើញ និងតាមដានការបាញ់មីស៊ីលដោយកូរ៉េខាងជើងបានលឿន និងត្រឹមត្រូវជាងមុន។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសទាំង៣ បានបង្កើតប្រព័ន្ធ ដើម្បីចាប់ និងវាយតម្លៃកាំជ្រួចដែលកូរ៉េខាងជើង បានបាញ់ក្នុងពេលវេលាជាក់ស្តែង ដើម្បីបង្កើនសមត្ថភាពដើម្បីធានាសុវត្ថិភាពរបស់ប្រជាជន” ។
ក្រសួងបានបន្ថែមថា សមត្ថភាពរបស់ប្រព័ន្ធនេះត្រូវបានផ្ទៀងផ្ទាត់ដោយជោគជ័យ តាមរយៈការធ្វើតេស្តមុនដែលបានធ្វើឡើងនាពេលថ្មីៗនេះ ហើយថាវាដំណើរការជាធម្មតា។
ការចាប់ផ្តើមនៃប្រតិបត្តិការនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បានបាញ់បង្ហោះនូវអ្វីដែលខ្លួនបានឲ្យដឹងថា ជាមីស៊ីលផ្លោងអន្តរទ្វីប Hwasong-18 ។ លើកចុងក្រោយដែលកូរ៉េខាងជើងបាញ់ ICBM គឺនៅថ្ងៃទី១២ ខែកក្កដា។
ក្រសួងក៏បានឲ្យដឹងផងដែរថា ប្រទេសទាំងបីបានបង្កើតផែនការច្រើនឆ្នាំសម្រាប់សមយុទ្ធយោធាត្រីភាគី។ ពួកគេនឹងត្រូវបានអនុវត្តចាប់ពីឆ្នាំក្រោយ ដើម្បីឆ្លើយតបកាន់តែប្រសើរឡើងចំពោះការកើនឡើងនៃការគំរាមកំហែងមីស៊ីល និងនុយក្លេអ៊ែរពីកូរ៉េខាងជើង៕
ប្រែសម្រួល ឈូក បូរ៉ា