ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ជនជាត់ប៉ាឡេស្ទីន កើនឡើងដល់ ១៩,៤៥៣នាក់នៅតំបន់ហ្គាហ្សា

រូបភាពពី៖​ XINHUA

ហ្គាហ្សា៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនបានកើនឡើងដល់ ១៩,៤៥៣នាក់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីការផ្ទុះឡើងនៃជម្លោះក្រុមហាម៉ាស-អ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា។

អ្នកនាំពាក្យក្រសួងលោក Ashraf al-Qedra បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅតំបន់ហ្គាហ្សាស្ទ្រីបភាគខាងត្បូងថា ប្រជាជនប៉ាឡេស្ទីនចំនួន ៥២,២៨៦ នាក់បានរងរបួសដោយសារការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់អ៊ីស្រាអែល ចាប់តាំងពីជម្លោះបានចាប់ផ្តើម។

លោកបានបន្ថែមថា មានតម្រូវការជាបន្ទាន់ក្នុងការជម្លៀសអ្នករបួសចំនួន ៥០០០នាក់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីពួកគេអាចទទួលការព្យាបាលនៅខាងក្រៅក្របខណ្ឌប៉ាឡេស្ទីន។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា ស្ថានភាពសុខភាព និងមនុស្សធម៌នៅក្នុងជម្រកនៅភាគខាងត្បូងហ្គាហ្សាស្ទ្រីបគឺ “មហន្តរាយដោយសារតែការរីករាលដាលនៃជំងឺ និងកង្វះការថែទាំសុខភាព” ។

លោកបានអំពាវនាវឱ្យស្ថាប័នអន្តរជាតិផ្តល់ថ្នាំ និងប្រេងឥន្ធនៈដល់តំបន់ហ្គាហ្សាស្ទ្រីប ដើម្បីបន្តប្រតិបត្តិការនៃមន្ទីរពេទ្យ ជាពិសេសនៅភាគខាងជើងហ្គាហ្សាស្ទ្រីប ដែលបានផ្អាកសេវាកម្មរបស់ពួកគេដោយសារតែការវាយប្រហារ និងការឡោមព័ទ្ធរបស់អ៊ីស្រាអែល៕ ប្រែសម្រួល ឈូក បូរ៉ា

To Top