ព័ត៌មានអន្តរជាតិ

Update៖ លោក al-Sisi មកពីគណបក្សកាន់អំណាច ជាប់ឆ្នោត ធ្វើជាប្រធានាធិបតីអេហ្ស៊ីប

រូបភាពពី៖​ XINHUA

គែរ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ថា អាជ្ញាធររៀបចំការបោះឆ្នោតជាតិអេហ្ស៊ីប (NEA) បានប្រកាសកាលពីថ្ងៃចន្ទថា ប្រធានាធិបតីកំពុងកាន់អំណាចលោក Abdel-Fattah al-Sisi បានឈ្នះការបោះឆ្នោតប្រធានាធិបតី រហូតដល់ឆ្នាំ២០២៤ ដោយមានសំឡេងគាំទ្រប្រហែល៤០លាន ឬស្មើនឹង៨៩,៦ភាគរយនៃសំឡេងឆ្នោតដែលមានសុពលភាព ។

នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងគែរ លោក Hazem Badawy ប្រធាន NEA បានថ្លែងថា ប្រជាពលរដ្ឋជិត៤៤,៨ លាននាក់ក្នុង និងក្រៅប្រទេសបានបោះឆ្នោតនៅក្នុងការបោះឆ្នោតនេះ ក្នុងចំណោមអ្នកបោះឆ្នោតដែលមានសិទ្ធិប្រមាណ ៦៧លាននាក់ តំណាងឱ្យចំនួនអ្នកទៅបោះឆ្នោត៦៦,៨ភាគរយ ដែលជា “ចំនួនអ្នកទៅបោះឆ្នោតខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រអេហ្ស៊ីប” ។

លោក Hazem Omar ដែលដឹកនាំគណបក្សសាធារណរដ្ឋបានឈ្នះសំឡេងឆ្នោតចំនួន៤,៥ភាគរយ បន្ទាប់មកលោក Farid Zahran មកពីគណបក្សសង្គមប្រជាធិបតេយ្យអេហ្ស៊ីប និងលោក Abdel-Sanad Yamama មកពីគណបក្ស Wafd របស់អេហ្ស៊ីប ។

ក្រោយការប្រកាសលទ្ធផលបោះឆ្នោត លោក Sisi បានថ្លែងសុន្ទរកថាទៅកាន់ប្រទេសជាតិ ដោយក្នុងនោះលោកបានថ្លែងថា “ការជ្រើសរើសរូបខ្ញុំសម្រាប់បេសកកម្មដឹកនាំប្រទេសគឺជាទំនួលខុសត្រូវដែលខ្ញុំទទួលដោយស្មោះត្រង់” ។

លោកបានថ្លែងថា “រដ្ឋកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើននៅគ្រប់កម្រិតទាំងអស់” លើសពីនោះគឺជាជម្លោះនៅតំបន់ហ្គាហ្សាដែលគំរាមកំហែងដល់ “សន្តិសុខជាតិរបស់ប្រទេសអេហ្ស៊ីប” ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top