ព័ត៌មានអន្តរជាតិ

ការ​នាំ​ចេញ​របស់​អ៊ុយក្រែន ​តាម​ច្រក​របៀង​សមុទ្រ​ខ្មៅ ​ឈាន​ដល់ទំហំ ​១០​លាន​តោន

Xinhua

គៀវ៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Oleksandr Kubrakov បានឲ្យដឹងថា ការនាំចេញរបស់អ៊ុយក្រែន តាមរយៈ “ច្រករបៀងមនុស្សធម៌” នៅក្នុងសមុទ្រខ្មៅ បានឈានដល់ ១០លានតោន ចាប់តាំងពីខែសីហា។

ក្នុងអំឡុងពេលប្រតិបត្តិការនៃច្រករបៀងថ្មីនេះ នាវាចំនួន ៣០២គ្រឿង បានចាកចេញពីប្រទេសអ៊ុយក្រែន ខណៈដែល ៣៣៧គ្រឿង ចូលកំពង់ផែរបស់ប្រទេសនេះ​។

យោងតាមការឲ្យដឹងពី ឧបនាយករដ្ឋមន្រ្តីរូបនេះបានឲ្យដឹងថា កប៉ាល់ទាំងនោះបានដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងទំនិញផ្សេងទៀតពីអ៊ុយក្រែន ទៅកាន់ប្រទេសចំនួន ២៤ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Kubrakov បានលើកឡើងថា បច្ចុប្បន្នអ៊ុយក្រែន នាំចេញផលិតផលកសិកម្មប្រហែល ៥ លានតោនក្នុងមួយខែ តាមរយៈផ្លូវសមុទ្រជំនួស ខណៈដែលនៅក្នុងខែដំបូង នៃប្រតិបត្តិការច្រករបៀង ការនាំចេញទាំងនោះមានចំនួន ២៧៨,០០០ តោន។

កាលពីខែសីហា អ៊ុយក្រែន បានបង្កើត “ច្រករបៀងមនុស្សធម៌” សម្រាប់កប៉ាល់ដឹកទំនិញនៅសមុទ្រខ្មៅ ជាជម្រើសមួយ សម្រាប់គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលបានដួលរលំនៅក្នុងខែកក្កដា។

កាលពីសប្តាហ៍មុនលោក Kubrakov បានឲ្យដឹងថា ប្រតិបត្តិការនៃកំពង់ផែសមុទ្រខ្មៅអ៊ុយក្រែន អាចបន្ថែម ៨ ភាគរយ ដល់ផលិតផលក្នុងស្រុកសរុប របស់ប្រទេសនៅឆ្នាំក្រោយ ដោយការជំរុញការនាំចេញកសិកម្ម និងលោហធាតុរបស់អ៊ុយក្រែន ដែលបានថយចុះចាប់តាំងពី ការចាប់ផ្តើមនៃជម្លោះជាមួយរុស្ស៊ី ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top