អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ថា អ្នកនាំពាក្យរបស់អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បានឲ្យដឹងពីថ្ងៃអង្គារថា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ មានការសោកស្ដាយជាខ្លាំង ចំពោះគ្រោះរញ្ជួយដីកើតឡើតនៅក្នុងប្រទេសចិន ។
លោក Stephane Dujarric អ្នកនាំពាក្យបានលើកឡើងថា លោកអគ្គលេខាធិការមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះការរញ្ជួយដីដ៏សោកនាដកម្មនេះ ដោយការបាត់បង់អាយុជីវិត និងការខូចខាតទ្រព្យសម្បត្តិ និងរបួសដល់មនុស្ស ។
លោក Dujarric បានបញ្ជាក់ថា “គាត់បង្ហាញពីសាមគ្គីភាព របស់គាត់ជាមួយប្រជាជន និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន និងសូមចូលរួមរំលែកទុក្ខដ៏ស្មោះស្ម័គ្រ បំផុតរបស់គាត់ចំពោះ ជូនដល់(ក្រុមគ្រួសារ) នៃជនរងគ្រោះ និងសូមជូនពរឱ្យអ្នករងរបួសឆាប់ជាសះស្បើយ” ។
លោក Guterres ទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង ដែលកំពុងអនុវត្តដោយរដ្ឋាភិបាលចិន ។ អ្នកនាំពាក្យរូបនេះបាននិយាយយ៉ាងដូច្នេះថា ក្រុមអង្គការសហប្រជាជាតិប្រចាំនៅប្រទេសចិន បានត្រៀមខ្លួនជាស្រេចដើម្បីជួយ ។
គួររំលឹកថា គ្រោះរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ ដែលបានវាយប្រហារខេត្ត Gansu របស់ប្រទេសចិន និងខេត្ត Qinghai ដែលនៅជិតខាងនៅ ពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ បានសម្លាប់មនុស្សចំនួន ១២៧នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា