ព័ត៌មានអន្តរជាតិ

លោក ពូទីន ថ្កោលទោសវត្តមាន របស់អង្គការណាតូ នៅអឺរ៉ុបខាងកើត

xinhua

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) បានបង្កើនវត្តមាន របស់ខ្លួនយ៉ាងខ្លាំង នៅអឺរ៉ុបខាងកើត ដូច្នេះកងកម្លាំងយុទ្ធសាស្ត្ររុស្ស៊ី នៅតែស្ថិតក្នុងការត្រៀម ខ្លួនប្រយុទ្ធកម្រិតខ្ពស់ ។

លោកប្រធានាធិបតី បានឲ្យដឹងក្នុងអំឡុងសុន្ទរកថា របស់លោកនៅឯកិច្ចប្រជុំពង្រីក នៃក្រសួងការពារជាតិរុស្ស៊ីថា សម្ព័ន្ធភាពអាត្លង់ទិកខាងជើង លែងព្យាយាមក្លែងបន្លំ “ធម្មជាតិឈ្លានពាន” របស់ខ្លួន នៅពីក្រោយ “ទម្រង់ការពារ” ហើយឯកសារគោលលទ្ធិ របស់សហរដ្ឋអាមេរិក បង្ហាញ យ៉ាងច្បាស់ថា ប្រទេសនេះកំពុងស្វែងរក ឧត្តមភាពជាសកលរបស់ខ្លួន។​

លោកបានលើកឡើងថា ប្លុកនេះបាន “កើនឡើង យ៉ាងខ្លាំង” នូវសកម្មភាពយោធា របស់ខ្លួន ហើយបានដាក់ពង្រាយ កងកម្លាំង នៅជិតព្រំដែនរបស់រុស្ស៊ី ក៏ដូចជាបាននិងកំពុងបង្កើន វត្តមានកងទ័ពរបស់ខ្លួននៅអឺរ៉ុបខាងកើត និងកណ្តាល។

លោកបានបន្ដថា “ហ្វាំងឡង់​ ត្រូវបានទាញចូលទៅក្នុងអង្គការណាតូរួចហើយ ហើយស៊ុយអែត គ្រោងនឹងចូលរួមដូចគ្នា” ដោយកត់សម្គាល់ថា នេះនឹងនាំឱ្យមានការពង្រីកបន្ថែមទៀតរបស់ប្លុកឆ្ពោះទៅកាន់ចុងបូព៌ា ដែលជាអ្វីដែលសម្ព័ន្ធភាពធ្លាប់បានសន្យាថា នឹងមិនធ្វើបែបនេះ។

លោក ពូទីន បានសង្កត់ធ្ងន់ថា អាវុធនុយក្លេអ៊ែរ របស់ប្រទេស គួរតែបន្តរក្សាកម្រិតខ្ពស់បំផុត នៃការត្រៀមខ្លួនប្រយុទ្ធចំពេលមានការប្រែប្រួល នៃការគំរាមកំហែងផ្នែកយោធា។

លោកបានបន្ដថាចំណែកនៃសព្វាវុធ និងឧបករណ៍ទំនើបៗនៅក្នុងផ្នែកនុយក្លេអ៊ែររបស់ប្រទេសឥឡូវនេះបានឈានដល់ ៩៥ភាគរយហើយ “ស្ទើរតែ ១០០ភាគរយនៅក្នុងផ្នែកកងទ័ពជើងទឹក” ។

លោក ពូទីន បានបន្ថែមថា មីស៊ីលចំនួន ១៥គ្រឿង ដែលមានមីស៊ីលអន្តរទ្វីប Yars និង Avangard នឹងចូលបំពេញកាតព្វកិច្ចប្រយុទ្ធនៅចុងឆ្នាំនេះ ក៏ដូចជានាវាផ្ទុកមីស៊ីល Tu-160M ចំនួន ៤គ្រឿងទៀតផងដែរ។

ចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែន លោកបានរំលឹកឡើងវិញថា ប្រទេសរបស់លោក នឹងបន្តអនុវត្តគោលដៅរបស់ខ្លួន ដែលបានកំណត់ក្នុងក្របខ័ណ្ឌ នៃប្រតិបត្តិការយោធាពិសេស ដោយបន្ថែមថា កងកម្លាំងរុស្ស៊ី បច្ចុប្បន្នកំពុងរក្សាគំនិតផ្តួចផ្តើម របស់ពួកគេនៅ លើសមរភូមិក្នុងប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top