តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធបានកោះហៅ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំទីក្រុងតេអេរ៉ង់លោក Hans-Udo Muzel ជុំវិញ “ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន” ដែលបានគប់ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ នៅក្នុងតុលាការអាល្លឺម៉ង់។
លោក Majid Nili Ahmadabadi អគ្គនាយកអឺរ៉ុបខាងលិច នៃក្រសួងការបរទេសអ៊ីរ៉ង់ ក៏បានតវ៉ាចំពោះការកោះហៅ “មិនអាចទទួលយកបាន” របស់ភារធារីអ៊ីរ៉ង់ នៅទីក្រុងប៊ែរឡាំង ជុំវិញការចោទប្រកាន់ថា “ផែនការធ្វើការវាយប្រហារដុតបំផ្លាញ សាលាប្រជុំនៅប្រទេសអាល្លឺម៉ង់”។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់ពួកគេ បេសកជនអាល្លឺម៉ង់ ត្រូវបានរំលឹកថា អ៊ីរ៉ង់ “មានកំណត់ត្រាដ៏អស្ចារ្យក្នុងការលើកកម្ពស់ គោលការណ៍នៃការរួមរស់ ព្រោះការគោរពសាសនាអាប្រាហាំ មានឋានៈដ៏មានតម្លៃនៅក្នុងសាសនាឥស្លាម និងវប្បធម៌អ៊ីរ៉ង់”។
លោក Muzel បានលើកឡើងថា លោកនឹងបញ្ជូនការតវ៉ារបស់អ៊ីរ៉ង់ ទៅកាន់ទីក្រុងប៊ែរឡាំង នៅពេលដ៏ឆាប់បំផុត នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ក្រសួងការបរទេសអាល្លឺម៉ង់បានលើកឡើងថា ខ្លួនបានកោះហៅ ភារធារីអ៊ីរ៉ង់ ជុំវិញគម្រោងដុតភ្លើងដែលគេចោទប្រកាន់។
នៅព្រឹកថ្ងៃដដែល តុលាការតំបន់ខ្ពង់ខ្ពស់ Dusseldorf បានកាត់ទោសជនជាតិអាល្លឺម៉ង់-អ៊ីរ៉ង់ម្នាក់ពីបទ “សមគំនិតក្នុងការវាយប្រហារលើ សាលាប្រជុំនៅភាគខាងលិចនៃទីក្រុង Bochum” ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ហើយបានកាត់ទោសរូបគេឱ្យជាប់គុក ៣៣ ខែដោយអះអាងថា ផែនការ “គឺ ជាប់ពាក់ព័ន្ធនឹងទីភ្នាក់ងាររដ្ឋអ៊ីរ៉ង់” ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
