គ៊ែរ៖ គណៈប្រតិភូជាន់ខ្ពស់ នៃចលនាតស៊ូអ៊ីស្លាម ដែលកំពុងគ្រប់គ្រងតំបន់ហ្គាហ្សា (ហាម៉ាស) បានមកដល់កាលពីថ្ងៃពុធ ក្នុងរដ្ឋធានីគែររបស់អេហ្ស៊ីប ដើម្បីជួបពិភាក្សាជាមួយមន្ត្រីអេហ្ស៊ីប ដើម្បីឈានដល់បទឈប់បាញ់មួយទៀតនៅតំបន់ហ្គាហ្សា និងការដោះដូរចំណាប់ខ្មាំង។
គណៈប្រតិភូក្រុមហាម៉ាស ដឹកនាំដោយលោក Ismail Haniyeh ប្រធានការិយាល័យនយោបាយរបស់ហាម៉ាស នេះបើយោងតាមរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ហាម៉ាស។
អតីតមន្ត្រីប៉ាឡេស្ទីននៅអេហ្ស៊ីប ដែលសុំមិនបញ្ចេញឈ្មោះក៏បានបញ្ជាក់ពីការមកដល់របស់លោក Haniyeh នៅមុនថ្ងៃនោះដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់បទឈប់បាញ់រយៈពេល ៧ថ្ងៃ ដែលសម្របសម្រួលដោយអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា បន្ទាប់ពីនោះអ៊ីស្រាអែល បានបន្តការឡោមព័ទ្ធ និងទម្លាក់គ្រាប់បែកលើតំបន់ប៉ាឡេស្ទីន។
បទឈប់បាញ់រយៈពេលមួយសប្តាហ៍ក៏បានរួមបញ្ចូលផងដែរនូវការដោះដូររវាងអ្នកទោសប៉ាឡេស្ទីន ក្នុងប្រទេសអ៊ីស្រាអែល និងចំណាប់ខ្មាំងអ៊ីស្រាអែល ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាសនៅហ្គាហ្សា៕ ប្រែសម្រួល ឈូក បូរ៉ា