បរទេស៖ ប៉ូលិសឆេកបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់មនុស្ស ១៤ នាក់ និងធ្វើឱ្យរបួស ២២ នាក់ផ្សេងទៀត នៅក្នុងការ បាញ់ប្រហារនៅឯសាកលវិទ្យាល័យ Charles ក្នុងទីក្រុង Prague កាលពីថ្ងៃព្រហស្បតិ៍។ អ្នកបាញ់ប្រហារ ដែលត្រូវបានគេកំណត់អត្តសញ្ញាណថា ជានិស្សិតនៅសាកលវិទ្យាល័យ ត្រូវបានគេ “សម្លាប់” នៅកន្លែងកើតហេតុ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានប៉ូលីស Martin Vondrasek បានប្រាប់អ្នកយកព័ត៌មានថា មន្រ្តីប៉ូលីសបានប្រញាប់ប្រញាល់ទៅកាន់អគារសាកលវិទ្យាល័យនៅ Jan Palach Square នៅកណ្តាលទីក្រុង Prague កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ជាកន្លែងដែលពួកគេបាន “បាញ់សម្លាប់” អ្នកបាញ់ប្រហារសកម្ម ម្នាក់នោះ។
លោក Vondrasek បាននិយាយថា នៅពេលដែលអគារត្រូវបានជម្លៀស មន្រ្តីបានរកឃើញជនរងគ្រោះចំនួន ១៤ នាក់បានស្លាប់ និងយ៉ាងហោចណាស់ ២៥ នាក់ទៀតរងរបួស។
ប្រព័ន្ធផ្សព្វផ្សាយឆេកបានកំណត់អត្តសញ្ញាណអ្នកបាញ់ប្រហារនោះ ឈ្មោះ David Kozak អាយុ២៤ឆ្នាំ ជានិស្សិតនៅសាកលវិទ្យាល័យ ។ អាជ្ញាធរក៏បានដាក់ឈ្មោះជនដៃដល់ថា លោក David K. ។ មេប៉ូលីសបានកត់សម្គាល់ថា គេមិនច្បាស់ថាតើមន្រ្តី ឬជនសង្ស័យខ្លួនឯងបានបាញ់ គ្រាប់កាំភ្លើងបញ្ចប់ជីវិត របស់ខ្មាន់កាំភ្លើង និងបញ្ចប់ការបាញ់ សម្លាប់នោះទេ។
លោក Vondrasek បាននិយាយទៀតថា ឃាតករត្រូវបានគេសង្ស័យថា បានសម្លាប់ឪពុករបស់ខ្លួនឯងនៅក្នុងទីក្រុង Kladno កាលពីថ្ងៃព្រហស្បតិ៍ មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Prague ៕
ប្រែសម្រួលៈ ណៃ តុលា