ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន អាចប្រឈមមុខ នឹងហានិភ័យហិរញ្ញប្បទាន ថវិកា សម្រាប់ដើមខែ នៃឆ្នាំថ្មី ដោយសារកង្វះខាត ជំនួយ បរទេស

AFP

គៀវ ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ថា លោក Sergii Marchenko រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានថ្លែង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ុយក្រែន ប្រឈមមុខនឹងហានិភ័យហិរញ្ញប្បទាន ថវិកាក្នុងរយៈពេល២ខែដំបូង នៃឆ្នាំ២០២៤ ដោយសារតែកង្វះខាតជំនួយ បរទេស ដែលបានព្យាករណ៍ ដូច្នេះកាលពីថ្ងៃព្រហស្បតិ៍ ។

លោក Marchenko ត្រូវបានដកស្រង់សម្តី ដោយសារព័ត៌មាន Interfax-Ukraine បានថ្លែងថា “យើងមានហានិភ័យនៅក្នុងខែមករាដល់ខែកុម្ភៈ ។ ជាអកុសលនៅក្នុង ខែមករាដល់ខែកុម្ភៈ ការសម្រេចចិត្តដែលត្រូវបានធ្វើឡើង ដោយដៃគូរបស់យើង គឺមិនទាន់គ្រប់គ្រាន់ទេ (ដើម្បីផ្តល់ហិរញ្ញប្បទានដល់ សមតុល្យថវិកាសម្រាប់រយៈពេលនេះ)” ។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែន នឹងមិនធ្ងន់ធ្ងរពេកនោះទេ ព្រោះប្រទេសយើងនឹងពឹង ផ្អែកលើធនធានផ្ទៃក្នុងរបស់ខ្លួន ។

លោក Marchenko បានបញ្ជាក់ថា ជាពិសេសអ៊ុយក្រែន នឹងបង្កើនការខ្ចីប្រាក់ នៅលើទីផ្សារក្នុងស្រុក និងប្រើប្រាស់ការទូទាត់ជាមុន នៃភាគលាភពីក្រុមហ៊ុន របស់រដ្ឋដើម្បីគាំទ្រថវិកា ។

យោងតាមរបាយការណ៍ចេញ ដោយប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហៅកាត់ថា (EU) ត្រូវបានគេរំពឹងថា នឹងសម្រេចចិត្តលើការផ្តល់ជំនួយ ហិរញ្ញវត្ថុថ្មីៗដល់ប្រទេសអ៊ុយក្រែន នៅពាក់កណ្តាលខែមករា និងដើមខែកុម្ភៈ ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលនោះដែរ ប្រទេសអ៊ុយក្រែន បានទទួលប្រាក់ចំនួន ១,៥ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល១,៦៥ ពាន់លានដុល្លារ សហរដ្ឋអាមេរិក ពីសហភាពអឺរ៉ុប ដែលលជាកញ្ចប់ចុងក្រោយនៃកញ្ចប់ជំនួយដែលមានទឹកប្រាក់១៨ពាន់លានអឺរ៉ូ ស្មើនឹង១៩,៧ពាន់លានដុល្លារ ដែលបានអនុម័តរួចនៅក្នុងខែធ្នូ ឆ្នាំ២០២២ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top