បរទេស៖ យោងតាមការចេញផ្សាយរបស់ RTទំនាក់ទំនងផ្លូវការរវាងយោធាអាមេរិក និងចិនបានបន្តដំណើរការឡើងវិញបន្ទាប់ពីការផ្អាករយៈពេល ១៦ខែដែលបណ្តាលមកពីការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងបញ្ហានយោបាយរបស់កោះតៃវ៉ាន់។
ក្រសួងការពារជាតិរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សន្និសីទតាមវីដេអូកាលពីថ្ងៃព្រហស្បតិ៍រវាងលោក Brown និងលោក Liu ដែលជាប្រធានបុគ្គលិកនៃនាយកដ្ឋានបុគ្គលិកចម្រុះនៃគណៈកម្មាធិការយោធាកណ្តាលរបស់ប្រទេសចិនត្រូវបានរៀបចំឡើងតាមការស្នើសុំរបស់សហរដ្ឋអាមេរិក។
ក្រសួងការពារជាតិចិនរាយការណ៍ថា ក្នុងអំឡុងកិច្ចពិភាក្សា ឧត្តមសេនីយ៍ Liu Zhenli បានប្រាប់អគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Charles Q. Brown ថាទីក្រុងវ៉ាស៊ីនតោនគួរតែបង្កើត ការយល់ឃើញត្រឹមត្រូវ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដើម្បីឱ្យទំនាក់ទំនងទ្វេភាគីមានភាពប្រសើរឡើង។
ទីក្រុងប៉េកាំងបានផ្អាកទំនាក់ទំនងយោធា និងសកម្មភាពយោធាជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រធានសភាលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ក្នុងខែសីហា ឆ្នាំ២០២២ដែលប្រទេសចិនចាត់ទុកថាជា ការបង្កហេតុដ៏ធ្ងន់ធ្ងរមួយ៕ ប្រែសម្រួល៖ស៊ុនលី