យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា ការវាយលុករបស់អ៊ីស្រាអែល កំពុងបង្កើតឧបសគ្គដ៏ធំ ដល់ការចែកចាយជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា។
មនុស្សជាច្រើនកំពុងវាស់ស្ទង់ប្រសិទ្ធភាពនៃប្រតិបត្តិការមនុស្សធម៌នៅតំបន់ហ្គាហ្សា ដោយផ្អែកលើចំនួនរថយន្តដឹកទំនិញ ដែលត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូនជំនួយឆ្លងកាត់ព្រំដែនអេហ្ស៊ីប-ហ្គាហ្សា។ លោក Guterres បានលើកឡើងថា នេះគឺជាកំហុសមួយ។
លោកបានប្រាប់អ្នកយកព័ត៌មានថា “បញ្ហាពិតប្រាកដគឺថា វិធីដែលអ៊ីស្រាអែល កំពុងធ្វើការវាយលុកនេះ កំពុងបង្កើតឧបសគ្គដ៏ធំដល់ការចែកចាយជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា” ។
ប្រតិបត្តិការជំនួយប្រកបដោយប្រសិទ្ធភាពនៅហ្គាហ្សាទាមទារសន្តិសុខ បុគ្គលិកដែលអាចធ្វើការប្រកបដោយសុវត្ថិភាព សមត្ថភាពដឹកជញ្ជូន និងការបន្តសកម្មភាពពាណិជ្ជកម្មឡើងវិញ។ លោកថា ធាតុទាំង៤ នេះមិនមានទេ។
លោកបន្ដថា សុវត្ថិភាព សម្រាប់ការផ្តល់ជំនួយ គឺអវត្តមាន។ ការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល និងការប្រយុទ្ធយ៉ាងសកម្មនៅក្នុងតំបន់ទីក្រុង ដែលមានប្រជាជនច្រើននៅទូទាំងតំបន់ហ្គាហ្សា បានគំរាមកំហែងដល់អាយុជីវិតរបស់ជនស៊ីវិល និងបុគ្គលិកជំនួយមនុស្សធម៌ដូចគ្នា។
អង្គការសហប្រជាជាតិបានរង់ចាំរយៈពេល ៧១ថ្ងៃសម្រាប់អ៊ីស្រាអែល នៅទីបំផុតដើម្បីអនុញ្ញាតឱ្យជំនួយចូលទៅកាន់តំបន់ហ្គាហ្សាតាមរយៈច្រក Kerem Shalom៕ ប្រែសម្រួល ឈូក បូរ៉ា