កាលពីថ្ងៃទី ២០ ខែធ្នូ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្រ្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលោក Manalo រដ្ឋមន្ត្រីការបរទេសហ្វីលីពីនតាមការណាត់ ។ នៅពេលបច្ចុប្បន្នដែលទំនាក់ទំនងចិន-ហ្វីលីពីនបានធ្លាក់ចូលក្នុងសភាពជាប់គាំងដោយសារបញ្ហាសមុទ្រចិនខាងត្បូង កិច្ចជំនួបតាមទូរស័ព្ទលើកនេះបានទទួលការយកចិត្តទុកដាក់ខ្ពស់ពីមជ្ឈដ្ឋានខាងក្រៅ ។
ថ្លែងក្នុងកិច្ចជំនួប ប្រទេសចិនបានលើកឡើងយ៉ាងច្បាស់ថា មូលហេតុពីឬសគល់គឺដោយមកពីភាគីហ្វីលីពីន បានកែប្រែគោលជំហរនិងគោលនយោបាយចំពោះប្រទេសចិន ដោយរំលោភបំពានលើកិច្ចសន្យារបស់ខ្លួន បង្ករឿងហេតុនៅលំហសមុទ្រជាបន្តបន្ទាប់ដែលបានប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវនិងស្របច្បាប់របស់ប្រទេសចិន ។ លើសពីនេះទៅទៀត ប្រទេសចិន ក៏បានសង្កត់ធ្ងន់ថា ទំនាក់ទំនងចិន-ហ្វីលីពីនកំពុងដើរដល់ផ្លូវបំបែកដែលប្រឈមមុខនឹងជម្រើសថា នឹងឆ្ពោះទៅកាន់ទិសណា ហើយភាគីហ្វីលីពីនចាំបាច់ត្រូវធ្វើការយ៉ាងប្រុងប្រយ័ត្ន ។
តើអ្នកណាត្រូវអ្នកណាខុសក្នុងរឿងនេះ អ្នកផងទាំងពួងសុទ្ធតែដឹងច្បាស់ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងចិន-ហ្វីលីពីនបានរក្សាភាពល្អប្រសើរជាទូទៅ ។ ភ្ញៀវកិតិ្តយសដំបូងគេបង្អស់ដែលប្រទេសចិនទទួលកាលពីដើមឆ្នាំនេះគឺលោក Ferdinand Romualdez Marcos ប្រធានាធិបតីហ្វីលីពីន ។ នៅពេលនោះ ភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់ជាច្រើន ក្នុងនោះបូករួមទាំងការឯកភាពគ្នាថា បន្តដោះស្រាយបញ្ហាដែនសមុទ្រឱ្យបានសមស្របតាមរបៀបពិគ្រោះពិភាក្សាដោយមេត្រីភាព។ ប៉ុន្តែ គំនិតឯកភាពរួមដ៏សំខាន់ទាំងនេះមិនត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពនោះទេ ។ មូលហេតុសំខាន់បំផុតគឺមកពីហ្វីលីពីនបង្ករឿងហេតុលើបញ្ហាសមុទ្រចិនខាងត្បូងជាញឹកញាប់ដែលបណ្តាលឱ្យស្ថានការណ៍កាន់តែតានតឹង ។
សូមយកបញ្ហាថ្មប៉ប្រះទឹក Ren’ai ធ្វើជាឧទាហរណ៍ ។ ថ្មប៉ប្រះទឹក Ren’ai ជាចំណែកមួយនៃប្រជុំកោះ Nansha និងជាទឹកដីរបស់ចិន ។ នេះជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិដែលស្របទៅតាមច្បាប់អន្តរជាតិ ក្នុងនោះបូករួមទាំង«ធម្មនុញ្ញអង្គការសហប្រជាជាតិ»ផងដែរ ។ កាលពីឆ្នាំ ១៩៩៩ នាវាចម្បាំងរបស់ភាគីហ្វីលីពីនបានទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពទឹកដីរបស់ប្រទេសចិន ។ ប្រទេសហ្វីលីពីនធ្លាប់សន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងអូសនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់ចេញឱ្យបានឆាប់ៗ ប្រទេសចិននិងហ្វីលីពីនក៏ធ្លាប់ឈានដល់គំនិតឯកភាពរួមស្តីពីការដោះស្រាយបញ្ហាថ្មប៉ប្រះទឹក Ren’ai ឱ្យបានសមស្របដើម្បីរួមគ្នាគាំពារស្ថិរភាពនៅដែនសមុទ្រ ។
យ៉ាងណាមិញ ថ្នាក់ដឹកនាំហ្វីលីពីនបានអះអាងនាពេលថ្មីៗកន្លងទៅនេះថា “ប្រទេសចិនកំពុងបង្កជាបញ្ហាប្រឈមដ៏ប្រាកដប្រជាចំពោះប្រទេសជិតខាងនៅអាស៊ី” ហើយហ្វីលីពីនត្រូវបង្កើនទំនាក់ទំនងសម្ព័ន្ធមិត្ត ជាមួយប្រទេសផ្សេងទៀតដើម្បីឆ្លើយតបនឹងករណីនេះជាដើម ។ ហេតុអ្វីបានជារដ្ឋាភិបាលហ្វីលីពីនកែប្រែគោលជំហរនិងគោលនយោបាយរបស់ខ្លួនចំពោះប្រទេសចិន ? ឥស្សរជនវិភាគបានលើកឡើងថា មួយផ្នែក ក្នុងស្រុកហ្វីលីពីនមានសំឡេងដ៏រឹងចចេស លើបញ្ហាសមុទ្រចិនខាងត្បូងជាប់រហូតមក ហើយថ្នាក់ដឹកនាំហ្វីលីពីន មានចេតនាពង្រឹងអត្រាគាំទ្ររបស់ពួកគេតាមរយៈការបង្ហាញពីអាកប្បកិរិយាដ៏រឹងចចេស ។ មួយផ្នែកទៀត អ្នកនយោបាយហ្វីលីពីនមួយចំនួនសម្គាល់ឃើញថា «សន្ធិសញ្ញាស្តីពីការរួមគ្នាការពាររវាងអាមេរិកនិងហ្វីលីពីន»អាចក្លាយជា”យ័នការពារខ្លួន”ដើម្បីដាក់សម្ពាធទៅលើប្រទេសចិនដោយយកប្រការនេះធ្វើជាលេស ។
បើក្រឡេកមើលពីទំនាក់ទំនងចិន-ហ្វីលីពីនអាចឃើញថា ក្នុងរយៈពេលយូរណាស់មកហើយ ដើម្បីដោះស្រាយវិវាទសមុទ្រចិនខាងត្បូងឱ្យបានសមស្របជាមួយភាគីហ្វីលីពីន ប្រទេសចិនបានបង្ហាញពីអំណត់អត់ធ្មត់យ៉ាងខ្លាំង ។ ប៉ុន្តែនេះមិនមែនមានន័យថា ប្រទេសចិននឹងបន្ធូរបន្ថយគោលជំហរណាមួយទៅលើបញ្ហាអធិបតេយ្យភាពនោះទេ ។
ថ្លែងក្នុងកិច្ចជំនួបតាមទូរស័ព្ទ ប្រទេសចិនបានលើកឡើងយ៉ាងច្បាស់ថា ប្រសិនបើភាគីហ្វីលីពីនធ្វើការវិនិច្ឆ័យខុសពីស្ថានការណ៍បច្ចុប្បន្ន ធ្វើតាមតែទំនើងចិត្ត ហើយឃុបឃិតជាមួយកម្លាំងខាងក្រៅដែលមានចេតនាអាក្រក់ដើម្បីបន្តបង្កភាពចលាចល នោះ ភាគីចិនប្រាកដជានឹងគាំពារផលប្រយោជន៍របស់ខ្លួនតាមផ្លូវច្បាប់ជាក់ជាមិនខាន ពោលគឺ នឹងធ្វើការឆ្លើយតបយ៉ាងមុតមាំ ។
ថ្លែងក្នុងកិច្ចជំនួប ភាគីហ្វីលីពីនរំពឹងថា នឹងបង្កើនការសន្ទនាជាមួយភាគីចិន ធ្វើឱ្យយន្តការប្រាស្រ័យទាក់ទងស្តីពីបញ្ហាសមុទ្រចិនខាងត្បូង របស់ប្រទេសទាំងពីរដើរតួនាទីឱ្យបានល្អដើម្បីរួមគ្នាស្វែងរកមធ្យោបាយសម្រាប់ដោះស្រាយបញ្ហា ។ ដោយឡែកប្រទេសចិនមិនបិទទ្វារសម្រាប់ធ្វើកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទងគ្នាជាមួយហ្វីលីពីនទេ ។
រំពឹងថា ហ្វីលីពីននឹងវិលត្រឡប់មកផ្លូវត្រឹមត្រូវវិញដើម្បីដើរឆ្ពោះទៅរកទិសដៅដូចគ្នាជាមួយភាគីចិន ក៏ដូចជាសម្រេចបាននូវការពិគ្រោះពិភាក្សាជាមួយគ្នា ៕អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន