រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ថា យោងតាមក្រសួងពាណិជ្ជកម្មនៅថ្ងៃអាទិត្យនេះថា ប្រទេសមីយ៉ាន់ម៉ា រកចំណូលបានចំនួន១៩២,៦៨៣លានដុល្លារសហរដ្ឋអាមេរិកពីការនាំចេញរ៉ែគិតក្នុងរយៈពេលជាង៨ខែនៃឆ្នាំសារពើពន្ធ២០២៣-២៤រហូតដល់ខែមីនាឆ្នាំក្រោយ ។
ទិន្នន័យរបស់ក្រសួងខាងលើបានបង្ហាញឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែធ្នូ ប្រាក់ចំណូលនៃការនាំចេញរ៉ែរបស់ប្រទេសមីយ៉ាន់ម៉ា បានថយចុះជាង២០លានដុល្លារសហរដ្ឋអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ទិន្នន័យបានបង្ហាញឲ្យដឹងថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានកត់ត្រាចំនួន៣៣៧.៧៩៨លានដុល្លារសហរដ្ឋអាមេរិកពីការនាំចេញរ៉ែនៅក្នុងឆ្នាំសារពើពន្ធ២០២២-២០២៣ ។
ប្រទេសមីយ៉ាន់ម៉ា បាននាំចេញផលិតផលកសិកម្ម សត្វ និងអាហារសមុទ្រ ជាចម្បង រ៉ែ ផលិតផលព្រៃឈើ និងទំនិញផលិតបានទៅកាន់ដៃគូពាណិជ្ជកម្មបរទេសរបស់ខ្លួន រួមមានប្រទេសចិន ថៃឡង់ដ៏ បង់ក្លាដេស និងឥណ្ឌា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
