ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់ និយាយថា បាត់បង់ទំនាក់ទំនងជាមួយក្រុមដែលចាប់ ចំណាប់ខ្មាំងអ៊ីស្រាអែល 5 នាក់នៅតំបន់ហ្គាហ្សា

រូបភាពពី៖​ XINHUA

ហ្គាហ្សា៖ ក្រុម Al-Qassam Brigades ដែលជាស្លាបប្រដាប់អាវុធនៃចលនាតស៊ូអ៊ីស្លាមហាម៉ាស បានឲ្យដឹងថា ខ្លួនបានបាត់បង់ទំនាក់ទំនងជាមួយក្រុម ដែលកាន់កាប់ចំណាប់ខ្មាំងអ៊ីស្រាអែល ៥នាក់នៅតំបន់ហ្គាហ្សាស្រ្ទីប ដោយខ្លាចថា ចំណាប់ខ្មាំងអាចត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

អ្នកនាំពាក្យរបស់កងពលតូច Abu Ubaida បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងពលតូចបានបាត់បង់ទំនាក់ទំនងជាមួយក្រុម “ក្នុងអំឡុងពេលការវាយឆ្មក់របស់អ៊ីស្រាអែល” ។

លោកបានរាយការណ៍ពីឈ្មោះរបស់ចំណាប់ខ្មាំ ង ៣នាក់ក្នុងចំណោមចំណាប់ខ្មាំងទាំងប្រាំនាក់ ដែលបង្ហាញថាកងពលតូច Qassam សង្ស័យថាពួកគេស្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ខណៈដែលមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមដល់ចំណាប់ខ្មាំងពីរនាក់ផ្សេងទៀត។

យោធា​អ៊ីស្រាអែល​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ចំណាប់ខ្មាំងទាំងនោះស្ថិតក្នុងចំណោមជនជាតិអ៊ីស្រាអែល និងជនបរទេសប្រមាណ ១២៩ នាក់ដែលត្រូវបានក្រុមហាម៉ាស ចាប់ចាប់តាំងពីវាបានចាប់ផ្តើមការវាយឆ្មក់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា។ ក្រុមហាម៉ាស បានទាមទារឱ្យដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ជាថ្នូរនឹងចំណាប់ខ្មាំង។

ក្នុងអំឡុងពេលបទឈប់បាញ់មនុស្សធម៌រយៈពេលមួយសប្តាហ៍ដែលបានបញ្ចប់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ក្រុមហាម៉ាស់បានដោះលែងអ្នកចាប់ជនជាតិអ៊ីស្រាអែលចំនួន ៨៦នាក់ រួមទាំងស្ត្រី និងកុមារ ព្រមទាំងជនបរទេសចំនួន ២៤ នាក់ផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top