បរទេស៖ មុននេះ ទីបញ្ជាការកណ្តាលរបស់អាមេរិក បានចោទប្រកាន់ថា យន្តហោះគ្មានមនុស្សបើករបស់ក្រុមសកម្មប្រយុទ្ធ ហួធី ស្ទើរតែវាយប្រហារ ទៅលើកប៉ាល់ដឹកប្រេង Gabonese ដែលមានសមាជិកនាវិកឥណ្ឌា ២៥ នាក់ធ្វើដំណើរនៅ លើនោះ ដោយបានឆ្លងកាត់សមុទ្រក្រហមពីកំពង់ផែ Ust-Luga នៃសមុទ្របាល់ទិករបស់រុស្ស៊ី ហើយបាននិយាយថា នាវាចម្បាំងអាមេរិកត្រូវបានដាក់ពង្រាយដើម្បីឆ្លើយ តបទៅនឹងការការ ភ័យបារម្ភរបស់ក្រុមនាវា។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ថា អ្នកនាំពាក្យ ក្រុមឧទ្ទាម ហួធីម្នាក់ បានព្យាយាមបង្កើតកំណត់ត្រា ត្រឹមត្រូវរបស់ខ្លួន ទាក់ទងនឹងការអះអាងរបស់ សហរដ្ឋអាមេរិក ដែលថាកងជីវពលយេម៉ែន បានកំណត់គោលដៅលើនាវាដឹកប្រេង Gabonese។
អ្នកនាំពាក្យក្រុមហួធី លោក Mohammed Abdul-Salam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “នាវាចម្បាំងអាមេរិកមួយបានបាញ់ចេញយ៉ាងខ្លាំងក្លាក្នុងអំឡុងពេលបេសកកម្មឈ្លបយកការណ៍ដោយកងកម្លាំងយេម៉ែននៅសមុទ្រក្រហម” ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា កាំជ្រួចមួយក្នុងចំណោមកាំជ្រួច ដែលបានបាញ់ចេញនោះ គឺស្ទើរតែបានហោះវាយប្រហារកប៉ាល់ដឹកប្រេង ដែលមានទង់ជាតិប្រទេសហ្គាបុង ដែលធ្វើដំណើរពីប្រទេសរុស្ស៊ី។
អ្នកនាំពាក្យរូបនេះ បានព្រមានថា “សមុទ្រក្រហមនឹងក្លាយជាសង្វៀនដ៏ឆេះ ប្រសិនបើអាមេរិក និងសម្ព័ន្ធមិត្តបន្តការគំរាមកំហែងរបស់ពួកគេ។ ប្រទេសដែលមានព្រំប្រទល់ជាប់សមុទ្រក្រហមត្រូវតែដឹងពីការពិតនៃគ្រោះថ្នាក់ដែលគំរាមកំហែងដល់សន្តិសុខជាតិរបស់ពួកគេ” ។ លោកបន្តថា “ការគំរាមកំហែងដល់ការ ធ្វើនាវាចរណ៍អន្តរជាតិ” គឺជាលទ្ធផលនៃ “ការធ្វើយោធានៅសមុទ្រ ក្រហមដោយអាមេរិក និងដៃគូរបស់ខ្លួន ដែលបានមកក្នុងតំបន់ ដោយគ្មានហេតុផល ស្របច្បាប់ណាមួយ ក្រៅពីការផ្តល់សេវាសន្តិសុខ សម្រាប់កប៉ាល់ អ៊ីស្រាអែលជាសត្រូវ” ៕