ព័ត៌មានអន្តរជាតិ

តុលាការរុស្ស៊ី ចេញដីការកំបាំងមុខ ចាប់ខ្លួនប្រធានចារកម្ម អ៊ុយក្រែន ជាមួយនឹងបទចោទ ឧក្រិដ្ឋកម្មភេរវកម្ម ១០៤ករណី

AFP
" "

បរទេស ៖ តុលាការមូលដ្ឋាន ក្រុងមូស្គូ បានប្រកាសកាលពីថ្ងៃច័ន្ទ ដោយបញ្ជាឱ្យចាប់ខ្លួន លោក Kirill Budanov ដែលជាប្រធានសេវាចារកម្ម យោធាអ៊ុយក្រែន (GUR) ក្រោមការចោទប្រកាន់ពីអំពើភេរវកម្ម ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា តុលាការ Basmanny បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Budanov ត្រូវបានចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មភេរវកម្មផ្សេងគ្នាចំនួន ១០៤ នៃអំពើភេរវកម្ម។ ដីកាបញ្ជាឱ្យចាប់ខ្លួននេះ ត្រូវបានចេញដោយកំបាំងមុខ ប៉ុន្តែប្រសិនបើ លោក Budanov ត្រូវបានធ្វើបត្យាប័នទៅប្រទេសរុស្ស៊ី ឬឃុំខ្លួនដោយការអនុវត្តច្បាប់របស់រុស្ស៊ី លោក Budanov នឹងត្រូវឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំង យ៉ាងហោចណាស់ពីរខែ។

" "

នៅដើមខែតុលា គណៈកម្មាធិការស៊ើបអង្កេត របស់រុស្ស៊ីបានកំណត់ អត្តសញ្ញាណលោក Budanov ជាមេខ្លោងម្នាក់ក្នុងចំណោម៤នាក់ដែលជាប់សង្ស័យ ក្នុង “ការវាយប្រហារភេរវកម្ម” ជាង ១០០ ដែលពាក់ព័ន្ធនឹងយន្តហោះ គ្មានមនុស្សបើកសំដៅលើហេដ្ឋារចនា សម្ព័ន្ធស៊ីវិលរបស់រុស្ស៊ី។

" "

សេចក្តីសម្រេចដាច់ដោយឡែកមួយ ចេញដោយតុលាការមូលដ្ឋាន Lefortovo នៃទីក្រុងមូស្គូក្នុងខែមេសា បានបញ្ជាឱ្យចាប់ខ្លួនលោក Budanov ពាក់ព័ន្ធនឹងការសមគំនិតភេរវកម្ម និងការចាត់ចែងគ្រឿងផ្ទុះខុសច្បាប់។

លោក Budanov បានតស៊ូមតិដោយបើកចំហ ចំពោះការវាយប្រហាររបស់អ៊ុយក្រែន លើទឹកដីរុស្ស៊ី រួមទាំងទឹកដីដែលទីក្រុងគៀវ ទទួលស្គាល់ថា ស្ថិតនៅក្រោមអធិបតេយ្យភាព របស់ទីក្រុងម៉ូស្គូ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top