ព័ត៌មានអន្តរជាតិ

ឧបនាយករដ្ឋមន្ត្រីរបស់ថៃ បន្ទោស និងគំរាម ប្រធាននាយកដ្ឋានកែប្រែ ចំពោះភាពចម្រូងចម្រាសលើករណីព្យាបាលរបស់លោកថាក់ស៊ីន

The Nation

បរទេស ៖ ឧបនាយករដ្ឋមន្ត្រី របស់ថៃ លោក Somsak Thepsutin នៅថ្ងៃអង្គារបាន ស្តីបន្ទោសប្រធាននាយកដ្ឋាន កែប្រែ ចំពោះភាពចម្រូងចម្រាស កាន់តែខ្លាំងឡើង លើការបន្តការស្នាក់នៅមន្ទីរពេទ្យ របស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Somsak បាននិយាយថា អគ្គនាយកនាយកដ្ឋាន Sahakarn Petchnarin គួរតែពន្យល់ដល់សាធារណជនថា លោក ថាក់ស៊ីន កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យប៉ូលីស គឺស្របតាមបទប្បញ្ញត្តិ ។

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានវិលត្រឡប់ចូលប្រទេសថៃ ពីការនិរទេសដោយខ្លួនឯង កាលពីថ្ងៃទី២២ ខែសីហា ហើយត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ Remand ក្រុងបាងកក ដើម្បីអនុវត្តការកាត់ទោស ដែលបង្កឡើង ដោយសំណុំរឿងពុករលួយ អំឡុងពេលលោកកាន់ដំណែង ។ ទោះជាយ៉ាងណា លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ូលិសទូទៅ នៅយប់ថ្ងៃដដែលដោយមូលហេតុសុខភាព។

រយៈពេល ១២០ ថ្ងៃដែលលោកថាក់ស៊ីន ត្រូវបានអនុញ្ញាតឱ្យទទួលការព្យាបាលនៅខាងក្រៅពន្ធនាគារ បានផុតកំណត់នៅថ្ងៃទី ២២ ខែធ្នូ។ ការបន្តការព្យាបាលក្រៅពន្ធនាគារ ត្រូវតែត្រូវបានអនុម័ត ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តាមសំណើរបស់ប្រធាននាយកដ្ឋានកែប្រែ និងដោយមានការណែនាំ ពីវេជ្ជបណ្ឌិតទទួលបន្ទុកករណីនេះ។

កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ របស់ថៃលោក Thawee Sodsong បាននិយាយថា រហូតមកដល់ពេលនេះ អគ្គនាយកកែប្រែមិនទាន់ បានបញ្ជូនករណីលោក ថាក់ស៊ីន ឱ្យគាត់អនុម័តនោះទេ។

លោកឧបនាយករដ្ឋមន្ត្រី Somsak Thepsutin បានអះអាងថា ប្រធានផ្នែកកែប្រែ មានការភ័យខ្លាចខ្លាំងពេក ក្នុងការធ្វើសកម្មភាពស្របតាមច្បាប់ និងបទប្បញ្ញត្តិ ហើយបានបណ្តោយឱ្យការរិះគន់ ជាសាធារណៈលើករណីនេះចេះតែកើនឡើង ដោយគ្មានការត្រួតពិនិត្យ។

លោកក៏បានចេញការគំរាមផងដែរថា ការងាររបស់លោក Sahakarn ពេលនេះកំពុងមានហានិភ័យ៕
ប្រែសម្រួលៈ ណៃ តុលា

To Top