ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល លើជំរុំជនភៀសខ្លួនហ្គាហ្សា

Xinhua

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល “ដ៏សាហាវឃោរឃៅ” លើជំរុំជនភៀស ខ្លួន al-Maghazi កណ្តាលហ្គាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ៧០ នាក់កាលពីថ្ងៃអាទិត្យ។

នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ នៅទីក្រុងតេអេរ៉ង់លោក Nasser Kanaani បានឲ្យដឹងថា វាជាការសោកស្តាយ ដែលនៅពេលដែលមនុស្សជាច្រើន បានអធិស្ឋានដោយការ អាណិតអាសូរ និងសាមគ្គីភាព សម្រាប់ប៉ាឡេស្ទីន អ៊ីស្រាអែល មិនបានបញ្ឈប់ “បទឧក្រិដ្ឋកម្ម” និងការសម្លាប់នៅហ្គាហ្សានោះទេ។

លោក Kanaani បានអំពាវនាវឱ្យ សហគមន៍អន្តរជាតិចាត់វិធានការជាក់ស្តែង និងរារាំង ដើម្បីការពារការបន្តការសម្លាប់ ជនជាតិប៉ាឡេស្ទីនរបស់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅពេលធ្វើអត្ថាធិប្បាយលើដំណោះស្រាយ ដែលបានអនុម័តដោយក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃសុក្រ ដែលទាមទារឱ្យមានសិទ្ធិចូលដំណើរការមនុស្សធម៌ជាបន្ទាន់ និងគ្មានការរារាំងនៅទូទាំងតំបន់ហ្គាហ្សា អ្នកនាំពាក្យបានឲ្យដឹងថា វាជាថ្មីម្តងទៀតបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង របស់សហរដ្ឋអាមេរិក ចំពោះអ៊ីស្រាអែល។

លោកបានថ្កោលទោស សហរដ្ឋអាមេរិក ចំពោះការស្ទាក់ស្ទើររបស់ខ្លួនក្នុងការយល់ព្រម ចំពោះ “ការដាក់បញ្ចូលកថាខណ្ឌ ណាមួយ” នៅក្នុងដំណោះស្រាយដើម្បីបញ្ឈប់ការវាយប្រហារ “ឧក្រិដ្ឋកម្ម” របស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ឆ្នេរ ដោយសំដៅទៅលើវេតូរបស់សហរដ្ឋអាមេរិក នៃវិសោធនកម្មរុស្ស៊ី ដែលនឹងធ្វើឱ្យមានការអំពាវនាវឱ្យមាន ​ការព្យួរអរិភាព​ ក៏ដូចជាការមិន អនុលោមរបស់ខ្លួននៅក្នុងការបោះឆ្នោត សម្រាប់ដំណោះស្រាយ UNSC ដែលបានអនុម័តកាលពីថ្ងៃសុក្រ ស្តីពីតំបន់ហ្គាហ្សា។

លោក Kanaani បានបន្ថែមថា មិនដូចអ្វីដែលប៉ាឡេស្ទីន រំពឹងទុក និងសហគមន៍អន្តរជាតិ ទាមទារនោះទេ ដំណោះស្រាយនេះ គឺ “គ្មានខ្លឹមសារ និង មិនអាចអនុវត្តបានទេ” ព្រោះវាមិន អាចបញ្ជូនជំនួយ ទៅក្រុមក្រោមការ ទម្លាក់គ្រាប់ បែករបស់អ៊ីស្រាអែល ដោយឥតឈប់ឈរ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top