ព័ត៌មានអន្តរជាតិ

មេបញ្ជាការ IRGC របស់អ៊ីរ៉ង់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារ របស់អ៊ីស្រាអែល នៅក្នុងប្រទេសស៊ីរី

AFP

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ របស់មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយមីស៊ីលរបស់អ៊ីស្រាអែល នៅក្នុងរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី។

លោក Raisi បានលើកឡើងថា “សកម្មភាពព្យាបាទរបស់អ៊ីស្រាអែល គឺជាការបង្ហាញពីភាពអស់សង្ឃឹម ភាពទន់ខ្សោយ និងអស់សង្ឃឹមរបស់ខ្លួន” នៅក្នុងតំបន់ ដោយបានប្តេជ្ញាថា “អ៊ីស្រាអែល នឹងពិតជាបង់ថ្លៃ សម្រាប់ឧក្រិដ្ឋកម្មរបស់ខ្លួន” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ការិយាល័យរបស់លោក។

IRGC របស់អ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃចន្ទថា មេបញ្ជាការជើងចាស់ម្នាក់របស់ខ្លួន ដែលបម្រើការជា “ទីប្រឹក្សាយោធា” ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយមីស៊ីលរបស់អ៊ីស្រាអែល នៅទីក្រុងដាម៉ាស់។

ត្រូវបានគេកំណត់អត្តសញ្ញាណថា ជាលោក Seyyed Razi Mousavi មេបញ្ជាការគឺ “ទទួលខុសត្រូវ ចំពោះការគាំទ្ររណសិរ្សតស៊ូនៅក្នុងប្រទេសស៊ីរី” និងជាសមមិត្តម្នាក់របស់ មេបញ្ជាការអ៊ីរ៉ង់លោក Qassem Soleimani ដែលត្រូវបានធ្វើឃាតនៅក្នុងការ វាយប្រហារដោយយន្តហោះដ្រូន នៅជិតអាកាសយានដ្ឋានអន្តរជាតិ បាកដាដក្នុងខែមករា ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា អ៊ីស្រាអែល “នឹងបង់ថ្លៃ សម្រាប់ឧក្រិដ្ឋកម្មនេះ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

កាលពីដើមខែនេះ IRGC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានរបស់ខ្លួនពីរនាក់ត្រូវបាន សម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល “ខណៈពេលដែលកំពុងបំពេញបេសកកម្ម ប្រឹក្សានៅក្នុងរណសិរ្សតស៊ូអ៊ីស្លាមរបស់ប្រទេសស៊ីរី” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top