ព័ត៌មានអន្តរជាតិ

អ្នកជំនាញអ៊ុយក្រែន សារភាពអំពីភាពខ្លាំងជាង នៃសមត្ថភាព និងការអភិវឌ្ឍដ្រូនរបស់រុស្ស៊ី

RIA Novosti

បរទេស៖ ប្រធានក្រុមការងារអ្នកស្ម័គ្រចិត្តយោធា សកម្មជន និងជានាយកមជ្ឈមណ្ឌលគាំទ្រ ការឈ្លបយកការណ៍តាមអាកាសអ៊ុយក្រែន លោកស្រី Maria Berlinskaya បានអះអាងនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Pravda របស់អ៊ុយក្រែនកាលពីថ្ងៃអង្គារថា ក្រុងកៀវ មានភាពយឺតយ៉ាវយ៉ាងខ្លាំង នៅពីក្រោយទីក្រុងមូស្គូក្នុងការអភិវឌ្ឍន៍ និងផលិតយានគ្មានមនុស្សបើក ឬហៅថាUAV ។

យោងតាមការចេញផ្សាយរបស់ RT ការ​ថ្លែង​របស់​លោកស្រី ​បាន​ធ្វើ​តាម​ការ​ប្រកាស​របស់ ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Vladimir Zelensky កាល​ពី​សប្តាហ៍​មុន​ថា អ៊ុយក្រែន​មាន​បំណង​ផលិត​ យន្តហោះ​គ្មាន​មនុស្ស​បើកប្រភេទ FPV ឲ្យបានមួយ​លាន​គ្រឿង​នៅ​ឆ្នាំ​ក្រោយ។

លោកស្រីBerlinskaya បានគូសបញ្ជាក់ថា អ៊ុយក្រែនកន្លងមកពិតជាមិនបាន ត្រៀមខ្លួនសម្រាប់អ្វីដែលបានវិវត្តទៅជា សង្រ្គាមបច្ចេកវិទ្យាកម្រិតខ្ពស់ឡើយ ខណៈដែលរុស្ស៊ីបានទទួលយក សង្គ្រាមអេឡិចត្រូនិច និងការអភិវឌ្ឍន៍យន្តហោះគ្មានមនុស្សបើក យ៉ាងខ្លាំងក្លារួចទៅហើយ។

លោកស្រីមិនត្រឹមតែប៉ុណ្ណោះបានរិះគន់ អាជ្ញាធរអ៊ុយក្រែនចំពោះការមិនទទួលស្គាល់ សារៈសំខាន់នៃសមរភូមិប្រយុទ្ធ នៃយន្តហោះគ្មានមនុស្សបើក និងបរាជ័យក្នុងការវិនិយោគក្នុងការ អភិវឌ្ឍន៍របស់ពួកគេឲ្យបានភ្លាមៗ តាមស្ថានការណ៍៕

ប្រែសម្រួល៖ ស៊ុន លី

To Top