ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការជាតិ ប្រឆាំងអំពើពុករលួយថៃ៖ នាយករដ្ឋមន្រ្តីថៃ សេដ្ឋា ថាវីស៊ីន មានទ្រព្យសម្បតិ្ត ៦៥០លានបាត រួមទាំងនាឡិកា ៣៨គ្រឿង

រូបភាពពី៖​ The Nation

បរទេស៖ នាយក​រដ្ឋមន្ត្រី​ថៃ​ លោក សេដ្ឋា ថាវីស៊ីន កាន់កាប់​ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ ៦៥០ លាន​បាត រួម​ទាំង​រថយន្ត​ទំនើប​តម្លៃ ៥០ លាន​បាត និង​នាឡិកា​ចំនួន ៣៨ គ្រឿង ដែល​អង្គការ​ឃ្លាំ​មើល​អំពើ​ពុក​រលួយ​របស់​ថៃ​បាន​ប្រកាស​ជា​សាធារណៈ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ការិយាល័យគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា នាយករដ្ឋមន្ត្រីថៃ ដែលជាអតីតមហាសេដ្ឋីអចលនទ្រព្យ មានទ្រព្យសម្បត្តិសរុបចំនួន ៦៥៩.៣៩១.៦១០ បាត។

ដូចដែលបានកំណត់ដោយផ្នែកទី ១០២ នៃច្បាប់រៀបចំឆ្នាំ ២០១៨ ស្តីពីការប្រឆាំងអំពើពុករលួយ បុគ្គលដែលកាន់មុខតំណែងនយោបាយត្រូវតែប្រកាសទ្រព្យសម្បត្តិ និងបំណុល ព្រមទាំងសហព័ទ្ធរបស់ពួកគេក្នុងរយៈពេល ៦០ ថ្ងៃនៃការចូលកាន់តំណែង។

NACC បានបង្ហាញថា នាយករដ្ឋមន្ត្រីថៃមានសាច់ប្រាក់ចំនួន ១ លានបាត , ៦៨.៩៨៦.៥៥៨បាត នៅក្នុងប្រាក់បញ្ញើនៅគណនីធនាគារចំនួន៤៧ និង ប្រាក់ចំនួន ១.៣០១.៦៦៨បាត នៅក្នុងការវិនិយោគ។

លោក សេដ្ឋា ថាវីស៊ីន ក៏​មាន​ដី​ក្នុង​ទីក្រុង​បាងកក ដែល​មាន​តម្លៃ ១៥៨,៤ លាន​បាតផងដែរ។

នាយករដ្ឋមន្ត្រីលោក សេដ្ឋា ថាវីស៊ីន ក៏បានកាន់កាប់ទ្រព្យសម្បត្តិអគារផ្សេងទៀតដែលមានតម្លៃ ១៥៦.៤២៣.១២០ បាត។ ក្នុង​ចំណោម​នោះ​មាន​អាផាតមិន​មួយ​នៅ​តំបន់​រមណីយដ្ឋាន ហួហ៊ីន ក្នុង​ខេត្ត Prachuap Khiri Khan និង​ផ្ទះ​បី​ជាន់​នៅ​ស្រុក Khlong Toei ក្នុង​រដ្ឋធានី​ដែល​មាន​តម្លៃ ១៨ លាន​បាត។

ចំណែក​រថយន្ត​វិញ លោក សេដ្ឋា មាន​រថយន្ត Aston Martin DB5 ដែល​មាន​តម្លៃ ៥០ លាន​បាត។ លោកបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា យានជំនិះនេះគឺជារថយន្តស៊េរីឆ្នាំ ១៩៦៣ ដែលបង្ហាញនៅក្នុងខ្សែភាពយន្ត James Bond ថ្មីៗបំផុតដែលត្រូវបានថតនៅប្រទេសអ៊ីតាលី។

លោក​ថា រថយន្ត​នេះ​ជា​ចំណូល​ចិត្ត​របស់​លោក។ នៅ​ពេល​សួរ​ថា​តើ​លោក​ជា​មេ​ដឹក​នាំ​ថៃ​មាន​បំផុត​ឬ​អត់​នោះ លោក​មិន​បដិសេធ​នោះទេ។ លោក​ថា លោក​បាន​ខិតខំ​ធ្វើការ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ស្ទើរ​តែ​ចូល​និវត្តន៍ ។ ប្រែសម្រួលៈ ណៃ តុលា

To Top