ព័ត៌មានអន្តរជាតិ

តើការរំលឹកគុណ លោកម៉ៅ សេតុង បង្កប់អត្ថន័យយុគសម័យ យ៉ាងដូចម្តេច?

ថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០២៣ មជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំធ្វើពិធីសំណេះសំណាល នៅវិមានសភាប្រជាជនក្រុងប៉េកាំង ដើម្បីរំលឹកខួប ១៣០ ឆ្នាំនៃថ្ងៃកំណើត របស់លោកម៉ៅ សេតុង ដែលជាស្ថាបនិកដ៏សំខាន់ ក្នុងការកសាងប្រទេសចិនថ្មី ។ លោក Xi Jinping ប្រធានរដ្ឋចិនបានវាយតម្លៃថា លោកម៉ៅ សេតុងជាអ្នកត្រួសត្រាយដ៏មហិមា ក្នុងការធ្វើចិន ភាវូបនីយកម្ម នៃម៉ាក្សនិយម ជាអ្នកតាំងមូលដ្ឋានដ៏មហិមា ក្នុងបុព្វហេតុកសាង ទំនើបកម្មសង្គមនិយម របស់ប្រទេសចិន និងជាឥស្សរជន ដ៏មហិមា ដែលដឹកនាំប្រជាជនចិន កែប្រែជោគវាសនារបស់ខ្លួន និងមុខមាត់ជាតិយ៉ាង ជ្រះស្រឡះ ក៏ជាអ្នកអន្តរជាតិនិយម ដ៏អស្ចារ្យម្នាក់ ដែលបានរួមចំណែកយ៉ាង សំខាន់ក្នុងការរំដោះប្រជាជាតិដែលត្រូវបានជិះជាន់លើពិភពលោក និងបុព្វហេតុនៃវឌ្ឍនភាព របស់មនុស្ស លោកបាន គូសបញ្ជាក់ថា ការរំលឹកគុណដ៏ល្អបំផុត ចំពោះលោកម៉ៅ សេតុងគឺបន្តជំរុញបុព្វហេតុ ដែលលោកបានត្រួសត្រាយ ឱ្យឈានទៅមុខតទៅទៀត ។ ហេតុអ្វីប្រជាជនចិនមានមនោសញ្ចេតនា ជ្រាលជ្រៅបែបនេះចំពោះលោកម៉ៅ សេតុង? តើការរំលឹកគុណលោកម៉ៅ សេតុងបង្កប់អត្ថន័យយុគសម័យយ៉ាងដូចម្តេច?

ទោះបីជា លោកម៉ៅ សេតុង បានទទួលមរណភាពអស់រយៈពេល៤៧ឆ្នាំ ទៅហើយក្តី ប៉ុន្តែប្រជាជនចិន មិនដែលបំភ្លេចវីរបុរស ដ៏អស្ចារ្យ ដែលបាន ជះឥទ្ធិពលយ៉ាងជ្រាល ជ្រៅ ចំពោះប្រវត្តិសាស្រ្តចិនរូបនេះទេ ។ លោកម៉ៅ សេតុង បានកែប្រែទិសដៅអភិវឌ្ឍន៍ នៃប្រវត្តិសាស្រ្តសម័យទំនើបរបស់ចិន និងបានសម្រេចនូវរបត់ដ៏មហោស្ចារ្យ ដែលប្រទេសចិនប្រែពីទន់ខ្សោយ ទៅជាខ្លាំងក្លា ពីអន់ថយទៅជារុងរឿង។ លោកបានបង្កើតប្រទេសចិនថ្មី គឺសាធារណរដ្ឋប្រជាមានិតចិន លោកបានកសាងបក្សដ៏ជឿនលឿនមួយ គឺបក្សកុម្មុយនីស្តចិន លោកបានបង្កើតកងទ័ពរបស់ប្រជាជន គឺ កងទ័ពរំដោះប្រជាជនចិន, លោកបានបង្កើតនូវទ្រឹស្តីវិទ្យាសាស្រ្ត មួយ គឺគំនិតម៉ៅ សេតុង។ លោកម៉ៅ សេតុងបានក្លាយជានិមិត្ត សញ្ញាតំណាងឱ្យប្រទេសចិន ដូចជា ដូចមហាកំពែងអ៊ីចឹងដែរ។

រាល់ពេលថ្ងៃកំណើត របស់លោកម៉ៅ សេតុង ពីជួររដ្ឋាភិបាលដល់សង្គមស៊ីវិល ពីក្រុងប៉េកាំងដល់ស្រុកកំណើតរបស់លោក តំបន់នានាទូទាំង ប្រទេសចិនបានរំលឹកគុណ លោកតាមគ្រប់ទម្រង់។ ឆ្នាំ ២០២៣ ជាខួប ១៣០ ឆ្នាំនៃថ្ងៃកំណើតរបស់លោកម៉ៅ សេតុង គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនបានរៀបចំធ្វើពិធី សំណេះសំណាល ដើម្បីរំលឹកគុណលោក ម៉ៅ សេតុង ។ លោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងសុន្ទរកថា ដោយលើកឡើងថា ការជំរុញកិច្ចកសាងប្រទសខ្លាំងក្លា និងបុព្វហេតុស្តារប្រជាជាតិឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ជាកិច្ចការដែលអ្នកបដិវត្តន៍ ជំនាន់មុនដូចជាលោក ម៉ៅ សេតុងជាដើម មិនបានសម្រេច។ ការរំលឹកគុណដ៏ល្អបំផុតចំពោះលោក ម៉ៅ សេតុង គឺបន្តជំរុញបុព្វហេតុ ដែលលោកបានត្រួសត្រាយ ឱ្យឈានទៅមុខតទៅទៀត ។

ការជំរុញស្តារភាពរុងរឿងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្ម តាមបែបផែនចិនជាភារកិច្ចស្នូលរបស់បក្សទាំងមូល ប្រជាជនគ្រប់ជនជាតិ របស់ប្រទេសចិន ក្នុងយុគសម័យថ្មីនិងដំណើរថ្មី ។ ការធ្វើទំនើបកម្មតាមបែបផែនចិន គឺបានកកើតឡើងក្នុងដំណើរ នៃការអភិវឌ្ឍសង្គមនិយមដែលមានលក្ខណៈ ពិសេសចិន លោក ម៉ៅ សេតុង បានរួមចំណែកយ៉ាងសំខាន់ ចំពោះកិច្ចការមួយនេះ ។ លោក Xi Jinping បានវាយតម្លៃថា «លោក ម៉ៅ សេតុងបានបង្កើតប្រទេសចិនថ្មី ដែលប្រជាជនធ្វើជាម្ចាស់ផ្ទះ » «លោកបានបង្កើតរបបសង្គមនិយមដ៏ជឿនលឿន»។ បញ្ញវន្តលោកខាងលិចសម្គាល់ឃើញថា ការរុករករបស់លោក ម៉ៅ សេតុងចំពោះការធ្វើទំនើបកម្ម តាមបែបផែនចិន បានបំបែកផ្នត់គំនិត ដែលថាទំនើបកម្មគឺបស្ចិមប្រទេសភាវូបនីយកម្ម ជំហរ ទស្សនៈនិងវិធីសាស្រ្តដែលឯករាជ្យម្ចាស់ការ និងអនុវត្តតាមស្ថានភាពពិត ដែលបង្កប់ក្នុងគំនិត របស់លោករហូតដល់បច្ចុប្បន្នសុទ្ធ តែប្រកបដោយសារៈណែនាំដ៏សំខាន់ ។

វណ្ណៈផ្សេងៗគ្នានិងក្រុមមនុស្ស ខុសគ្នារបស់ប្រទេសចិនរំលឹកគុណលោក ម៉ៅ សេតុង មួយផ្នែកគឺដោយសារភាពទាក់ទាញរបស់លោកផ្ទាល់ខ្លួន មូលហេតុសំខាន់មួយទៀត គឺដោយសារលោក ម៉ៅ សេតុងបានលើកឡើងនូវលក្ខណៈនិងកម្មវត្ថុរបស់បក្សកុម្មុយនីស្តចិន គឺបម្រើប្រជាជន នេះជាសញ្ញាឫសគល់ដែលបក្សកុម្មុយនីស្តចិនខុស ពីគណបក្សនយោបាយដទៃទៀត ហើយក៏ជាតិចនិក សម្រាប់បក្សកុម្មុយនីស្តចិន ក្នុងការកាន់អំណាច ក្នុងរយៈពេលយូរផងដែរ ។

បម្រើប្រជាជនសំដៅទៅលើ”គំនិតនិងការអនុវត្ត ដែលធ្វើការដើម្បីផលប្រយោជន៍របស់ប្រជាជន”។ វាត្រូវបានដាក់បញ្ចូលទៅក្នុងលក្ខន្ដិកៈរបស់បក្ស ហើយក៏ត្រូវបានដាក់បញ្ចូល ទៅក្នុងរដ្ឋធម្មនុញ្ញា របស់ប្រទេសចិនផងដែរ ដែលបានក្លាយ ទៅជាភារកិច្ច ដែលកំណត់ដោយច្បាប់នៃស្ថាប័នគណៈបក្ស គ្រប់ស្រទាប់ជាន់ថ្នាក់ និងបុគ្គលិកការងារ នៃសាធារណរដ្ឋប្រជាមានិតចិន ។
ដោយប្រកាន់ខ្ជាប់នូវការ បម្រើប្រជាជនដោយចិត្តមួយ ថ្លើមមួយដែលជាកម្មវត្ថុជាឫសគល់ របស់បក្សកុម្មុយនីស្តចិន លោក Xi Jinping បានបង្កើតគំនិតអភិវឌ្ឍន៍ ដែលតម្កល់ប្រជាជនជាស្នូលក្នុងការអនុវត្តអភិបាលកិច្ច។ តាំងពីកាន់អំណាចមក លោក Xi Jinping បានប្រកាន់ខ្ជាប់នូវការ តម្កល់ប្រជាជនជាអាទិភាព ជាប់រហូត ។ លោកបានថ្លែងក្នុងពិធីសំណេះសំណាល ដើម្បីរំលឹកខួប ១៣០ ឆ្នាំ នៃថ្ងៃកំណើតរបស់លោកម៉ៅ សេតុងថា ការធ្វើទំនើបកម្មតាមបែបផែនចិនជាបុព្វហេតុ របស់ប្រជាជនទាំងឡាយ ចាំបាច់ត្រូវតែពឹងផ្អែកលើប្រជាជន យ៉ាងជិតស្និទ្ធ ចាត់ទុកការគាំពារឱ្យបានល្អ អនុវត្តឱ្យបានល្អ និងអភិវឌ្ឍឱ្យបានល្អនូវផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនទាំងឡាយជាចំណុចចាប់ផ្តើម និងចំណុចអនុវត្តនៃការងារគ្រប់ផ្នែក ធ្វើឱ្យសមិទ្ធផល នៃការកសាងទំនើបកម្ម មានអំណោយផលដល់ប្រជាជនកាន់តែច្រើន ។ ត្រូវធ្វើឱ្យល្អពេញលេញនូវប្រព័ន្ធ របបដែលប្រជាជន ធ្វើជាម្ចាស់ផ្ទះ ខិតខំធានានិងកែលម្អជីវភាព រស់នៅរបស់ប្រជាជន ទទួលយកការរិះគន់និងត្រួតពិនិត្យពីប្រជាជនជានិច្ច ដើម្បីធ្វើឱ្យការធ្វើទំនើបកម្ម តាមបែបផែនចិន មានប្រភពកម្លាំង ដែលអាចគួរជាទីពឹងបំផុត ខ្លាំងក្លាបំផុតនិងយូរអង្វែងបំផុត៕
អត្ថបទ និងរូបភាពដោយវិទ្យុ មិត្តភាពកម្ពុជាចិន

To Top