ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់មនុស្ស ១២នាក់ស្លាប់ និង ៧០ នាក់រងរបួស ក្នុងការវាយប្រហារដ៏ធំមួយ លើអ៊ុយក្រែន

Xinhua

គៀវ ៖ ប៉ូលិសជាតិបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១២នាក់ បានស្លាប់ និងជាង ៧០នាក់ផ្សេងទៀត បានរងរបួសនៅទូទាំង ប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃសុក្រ នៅក្នុង “ការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនដ៏ធំបំផុត” លើប្រទេសចាប់តាំងពីការ ចាប់ផ្តើមនៃជម្លោះអ៊ុយក្រែន និងរុស្ស៊ីមក ។

លោក Valery Zaluzhny មេបញ្ជាការកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន បានឲ្យដឆងថា កងកម្លាំងរុស្ស៊ី បានវាយប្រហារអ៊ុយក្រែន ដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចចំនួន ១៥៨ គ្រឿង រួមទាំងកាំជ្រួចបាញ់បង្ហោះតាមអាកាសយ៉ាងតិច ៩០ ដើម និងមីស៊ីលផ្លោង Kinzhal ចំនួន ៥ ដើម ។

លោក Zaluzhny បានឲ្យដឹងនៅក្នុងសារបង្ហោះនៅលើ Telegram ថា ទន្ទឹមនឹងនោះ ក្រសួងការពារដែន អាកាសអ៊ុយក្រែន បានបំផ្លាញកាំជ្រួច ធ្វើដំណើរចំនួន ៨៧ ដើម និងយន្តហោះគ្មានមនុស្ស បើកប្រយុទ្ធចំនួន ២៧ គ្រឿង ។

លោក Zaluzhny បានលើកឡើងថា ការវាយប្រហាររបស់រុស្ស៊ី បានផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់អ៊ុយក្រែន រោងចក្រឧស្សាហកម្ម និងយោធា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

រដ្ឋបាលយោធាទីក្រុងគៀវ បានឲ្យដឹងថា រដ្ឋធានី របស់អ៊ុយក្រែន ត្រូវបានវាយប្រហារពីទិសដៅផ្សេងៗគ្នា ហើយការវាយប្រហារនេះ បានបណ្តាលឱ្យមនុស្ស ពីរនាក់ស្លាប់ និង ២១នាក់ផ្សេងទៀតរងរបួស៕
ប្រែសម្រួល ឈូក បូរ៉ា

To Top