បរទេស៖ ប្រមុខកងទ័ពរបស់ប្រទេសថៃ កាលពីថ្ងៃសុក្របានពិពណ៌នាថាជា ការ “ល្អ” នៃទំនាក់ទំនងរវាងកងទ័ពភូមិន្ទថៃ និងរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្សភឿថៃ។
យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ Jaroenchai Hintao ក៏បាននិយាយផងដែរថា យោធាត្រូវបានរៀបចំឡើងដើម្បីធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរក្សាសន្តិសុខជាតិ។
ឧត្តមសេនីយ៍ Jaroenchai Hintao បាននិយាយនៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយថា “ទំនាក់ទំនងគឺល្អ។ មិនចាំបាច់និយាយអំពីការសំរាកលំហែទេ ពីព្រោះពួកគេមិនដែលមានភាពតានតឹង” ។
នាយឧត្តមសេនីយ៍ ក៏បានលើកឡើងដែរថា យោធា និងយោធិនជាទូទៅ មានកាតព្វកិច្ច ធ្វើការជាមួយភាគីផ្សេងៗ ដើម្បីសន្តិសុខជាតិ។
រដ្ឋាភិបាលដែលដឹកនាំដោយនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានឡើងកាន់អំណាចនៅខែកញ្ញា។
ឧត្តមសេនីយ៍ Jaroenchai Hintao បន្តថា “យើងមានវិន័យ។ យើងមានសេចក្តីសោមនស្សរីករាយ និងត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តតាមបទបញ្ជាទាំងឡាយណាដែលធានាដល់សន្តិសុខរបស់រដ្ឋាភិបាល ប្រទេស និងព្រះមហាក្សត្រ។ យើងបំពេញកាតព្វកិច្ច ទោះគ្មានការបញ្ជាក៏ដោយ»។
ជាឧទាហរណ៍ លោកបានបន្ថែមថា យោធាបានផ្តល់ជំនួយដល់សាធារណជននៅពេលចាំបាច់ ដោយមិនរង់ចាំថវិការដ្ឋឡើយ។ “យើងធ្វើវាភ្លាមៗ។ យើងត្រូវបានបង្កើតឡើងតាមរបៀបនោះ»។
សូមរំលឹកថា កងទ័ពត្រូវបានគេចាត់ទុកថាជាអំណាចសំខាន់ក្នុងនយោបាយថៃ។ រដ្ឋប្រហារយោធាដែលទទួលបានជោគជ័យបំផុតនាពេលកន្លងមក រួមទាំងការធ្វើរដ្ឋប្រហារថ្មីបំផុតក្នុងខែឧសភា ឆ្នាំ ២០១៤ ត្រូវបានដឹកនាំដោយមេទ័ព ដែលជាមុខតំណែងដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងយោធាថៃ៕ ប្រែសម្រួលៈ ណៃ តុលា