ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាង​ថា ខ្លួន​រក្សា​សិទ្ធិ​ ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​ធ្វើ​ឃាត​ មេបញ្ជាការ IRGC

Xinhua

តេអេរ៉ង់ ៖ អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួននឹងរក្សាសិទ្ធិក្នុងការឆ្លើយតប ទៅនឹងការធ្វើឃាតនាពេលថ្មីៗនេះ លើមេបញ្ជាការជើងចាស់ របស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី “នៅទីកន្លែង និងពេលវេលាសមស្របណាមួយ”។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani ក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅរដ្ឋធានីតេអេរ៉ង់ បានថ្កោលទោសអ៊ីស្រាអែល ចំពោះការវាយប្រហារ ទៅលើមេបញ្ជាការកងឆ្មាំ បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ដែលស្ថិតនៅក្នុងទីក្រុងដាម៉ាស់ ដើម្បីប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម តាមសំណើរបស់រដ្ឋាភិបាលស៊ីរី។

ការកត់សម្គាល់របស់លោក Kanaani បានកើតឡើងមួយសប្តាហ៍បន្ទាប់ពីលោក Seyyed Razi Mousavi ដែលបម្រើការជាទីប្រឹក្សាយោធា​ នៅក្នុងប្រទេសស៊ីរី ត្រូវបានសម្លាប់ដោយការវាយប្រហារដោយមីស៊ីលនៅទីក្រុងដាម៉ាស់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។

លោក Kanaani បានលើកឡើងថា ការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងទីប្រឹក្សាអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី គឺជា “ការរំលោភយ៉ាងច្បាស់លាស់ លើអធិបតេយ្យភាព និងបូរណភាពទឹកដី របស់រដ្ឋអារ៉ាប់ ក្នុងនាមជារដ្ឋឯករាជ្យ និងជាសមាជិកអង្គការសហប្រជាជាតិ និងការផ្សងព្រេង ដែលមានបំណងប្រកួតប្រជែងសន្តិភាព និងសន្តិសុខនៅក្នុងតំបន់”។

លោក Mousavi គឺជាសមមិត្តរបស់មេបញ្ជាការ អ៊ីរ៉ង់ចុងក្រោយគឺលោក Qassem Soleimani ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិកនៅ ជិតអាកាសយានដ្ឋាន បាកដាដក្នុងខែមករា ឆ្នាំ២០២០។

កាលពីដើមខែធ្នូ ឆ្នាំ២០២៣ អង្គភាព IRGC បានឲ្យដឹងថា សមាជិករបស់ខ្លួនពីរនាក់ ត្រូវបានសម្លាប់ដោយកងកម្លាំង អ៊ីស្រាអែល “ខណៈពេលដែលកំពុងបំពេញ បេសកកម្មប្រឹក្សានៅក្នុង រណសិរ្សតស៊ូអ៊ីស្លាមរបស់ប្រទេសស៊ីរី”។

អ៊ីរ៉ង់បានអះអាង​ថា ខ្លួន​មាន​តួនាទី​ប្រឹក្សា​នៅ​ស៊ីរី តាម​ការ​អញ្ជើញ ​របស់​ក្រុង​ដាម៉ាស។ អ៊ីស្រាអែល បានកំណត់គោលដៅម្តងហើយម្តងទៀតនូវអ្វីដែលខ្លួននិយាយថា ជាទីតាំងដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top