តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា នាវាពិឃាត Alborz របស់កងទ័ពជើងទឹកអ៊ីរ៉ង់ បានចូលទៅក្នុងដែនទឹកសមុទ្រក្រហមកាលពីថ្ងៃចន្ទ បន្ទាប់ពីឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb ចំពេលមានភាពតានតឹងកើនឡើងនៅក្នុងតំបន់។
របាយការណ៍បានឲ្យដឹងថា នាវាពិឃាត Alborz គឺជាផ្នែកមួយនៃនាវាចម្បាំងទី៩៤ របស់កងទ័ពជើងទឹកអ៊ីរ៉ង់ ដោយបន្ថែមថា កងនាវាចរ របស់កងទ័ពជើងទឹកអ៊ីរ៉ង់ បាននិងកំពុងបំពេញបេសកកម្ម នៅលើសមុទ្រខ្ពស់ ចាប់តាំងពីឆ្នាំ២០០៩ ដើម្បីធានាសុវត្ថិភាពដឹកជញ្ជូន និងប្រយុទ្ធប្រឆាំង នឹងការលួចចម្លង។
ការវិវឌ្ឍន៍បានកើតឡើងនៅពេលដែលក្រុមហួតទី ដែលមានមូលដ្ឋាននៅយេម៉ែន បាននិយាយកាលពីថ្ងៃអាទិត្យថា យុទ្ធជនរបស់ខ្លួនចំនួន ១០ នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅលើដែនទឹកសមុទ្រក្រហម។
ជាមួយគ្នានេះដែរ កាលពីថ្ងៃអាទិត្យ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា កងកម្លាំងជើងទឹករបស់ខ្លួន បានឆ្លើយតបទៅនឹងការ អំពាវនាវ ដ៏លំបាកពីទូកឈ្មួញនៅសមុទ្រក្រហម ដែលបានរាយការណ៍ថាស្ថិត នៅក្រោមការវាយប្រហារ របស់ពួកហួតទី ដោយបានពន្លិចទូករបស់ក្រុមហួតទីចំនួន ៣គ្រឿង និងបានសម្លាប់នាវិកទាំងអស់របស់ពួកគេ។
ក្រុមហួតទី បានបើកការវាយប្រហារ ជាច្រើនលើកលើនាវាពាណិជ្ជកម្ម ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាចម្បងនៅជិតដែនសមុទ្រ Bab el-Mandeb ដោយអះអាងថា ការវាយប្រហារទាំងនេះគឺ “សាមគ្គីភាពជាមួយប៉ាឡេស្ទីន” ប្រឈមមុខនឹងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា