ព័ត៌មានអន្តរជាតិ

ពលរដ្ឋប៉ាឡេស្ទីន​ នៅតំបន់​ហ្គាហ្សា​សង្ឃឹម​ថា ​នឹង​វិល​ទៅ​រក​ជីវិត​ធម្មតា​វិញ​ក្នុង​ឆ្នាំ​ថ្មី​

រូបភាពពី៖​ XINHUA

ហ្គាហ្សា៖ ចំពេលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងបន្ត និងស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរ នៅតំបន់ហ្គាហ្សាស្ទ្រីប ប្រជាជនប៉ាឡេស្ទីន នៅក្នុងឡោមព័ទ្ធនៅតែរក្សាក្តីសង្ឃឹមនៃការវិលត្រឡប់ទៅរកជីវិតធម្មតាវិញនៅក្នុងឆ្នាំថ្មីឆ្នាំ២០២៤ ។

លោកស្រី Shaimaa al-Yazgi អាយុ ២៦ ឆ្នាំជាម្តាយដែលមានកូន ៤នាក់ត្រូវបានបង្ខំឱ្យផ្លាស់ទី១១ ដងជាមួយគ្រួសាររបស់លោកស្រីពីកន្លែងមួយទៅកន្លែងមួយទៀត សម្រាប់ការរត់គេចខ្លួនតូចចង្អៀតពីការស្លាប់ចំពេលមានការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែល។

ស្ត្រីជនជាតិប៉ាឡេស្ទីនបានប្រាប់កាសែតស៊ិនហួថា “ពេលខ្លះ យើងត្រូវបានគេបង្ខំឱ្យរត់តាមដងផ្លូវ ហើយលាក់ខ្លួននៅក្នុងផ្ទះរបស់មនុស្សចម្លែក ដើម្បីការពារខ្លួនពីកាំជ្រួចរបស់អ៊ីស្រាអែល”។

ដោយរក្សាការគិតវិជ្ជមានអំពីដំណើរដ៏ប្រថុយប្រថានរបស់គ្រួសារលោកស្រី al-Yazgi បានឲ្យដឹងថា “នៅពេលដែលយើងបានរួចផុតពីការវាយប្រហាររបស់អ៊ីស្រាអែលម្តងៗ ខ្ញុំមានអារម្មណ៍ថា យើងមានសំណាងមាស ហើយនេះគឺជាអ្វីដែលជំរុញឱ្យខ្ញុំរក្សាសុទិដ្ឋិនិយមរបស់ខ្ញុំថាយើងនឹងរួចផុតពីសង្រ្គាមឆ្កួតៗនាពេលបច្ចុប្បន្ននេះ”។

បច្ចុប្បន្នលោកស្រី al-Yazgi រស់នៅក្នុងតង់បណ្តោះអាសន្នមួយ ដែលត្រូវបានបង្កើតឡើងនៅភាគខាងលិចនៃទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា ប្រឈមមុខនឹងការខ្វះខាតទឹក អាហារ និងអគ្គិសនីយ៉ាងខ្លាំង។

លោកស្រីបានលើកឡើងថា “ខ្ញុំគ្រាន់តែទន្ទឹងរង់ចាំជីវិតរបស់ខ្ញុំឡើងវិញ ទោះបីជាខ្ញុំនៅតែមិនដឹងថា ជោគវាសនារបស់ខ្ញុំ នឹងទៅជាយ៉ាងណា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅមិនឆ្ងាយប៉ុន្មានពីតង់របស់លោក Mohammed Abu Hamda បុរសដែលផ្លាស់ទីលំនៅមកពីភាគខាងជើងនៃតំបន់ Beit Lahia នៃតំបន់ហ្គាហ្សា បានអង្គុយនៅលើកៅអី ហើយបានឮព័ត៌មានដែលផ្សាយតាមរយៈវិទ្យុចល័តរបស់លោក៕ ប្រែសម្រួល ឈូក បូរ៉ា

To Top