ព័ត៌មានអន្តរជាតិ

ជប៉ុន ចាប់ផ្តើមស៊ើបអង្កេតមូលហេតុ នៃគ្រោះថ្នាក់យន្តហោះ JAL នៅអាកាសយានដ្ឋានតូក្យូ

Kyodo

តូក្យូ៖ អាជ្ញាធរដឹកជញ្ជូនរបស់ប្រទេសជប៉ុន បានចាប់ផ្តើមស៊ើបអង្កេតមូលហេតុនៃការប៉ះទង្គិចគ្នា ដែលបានកើតឡើងនៅអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ រវាងយន្តហោះក្រុមហ៊ុន Japan Airlines Co. និងយន្តហោះឆ្មាំសមុទ្រជប៉ុន​។

ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូន របស់ប្រទេសជប៉ុន ដែលជាទីភ្នាក់ងារពាក់ព័ន្ធរបស់ រដ្ឋាភិបាលទទួលបន្ទុកស៊ើបអង្កេត គ្រោះថ្នាក់ធ្ងន់ធ្ងរពាក់ព័ន្ធនឹងយន្តហោះ រថភ្លើង និងកប៉ាល់ កំពុងពិនិត្យមើលបំណែកយន្តហោះ។

ឧបទ្ទវហេតុនេះបានបង្ខំឱ្យបិទផ្លូវរត់ទាំងបួន នៅអាកាសយានដ្ឋានដ៏មមាញឹកបំផុត របស់ប្រទេសជប៉ុន ប៉ុន្តែទាំងអស់លើកលែងតែផ្លូវ ដែលការប៉ះទង្គិចបានកើតឡើង ត្រូវបានបើកឡើងវិញនៅថ្ងៃអង្គារ បន្ទាប់ពីការលុបចោលជើងហោះហើរជាច្រើន។

​យន្តហោះដឹកអ្នកដំណើររបស់ Japan Airlines Co. បានបុកជាមួយយន្តហោះឆ្មាំសមុទ្រជប៉ុន នៅអាកាសយានដ្ឋានហាណេដា ទីក្រុងតូក្យូកាលពីថ្ងៃអង្គារ ដែលបណ្តាលឲ្យយន្តហោះទាំងពីរផ្ទុះឆេះ និងសម្លាប់សមាជិកឆ្មាំឆ្នេរសមុទ្រ ៥នាក់ ខណៈដែលអ្នកដំណើរ ៣៧៩ នាក់នៅលើជើងហោះហើរពាណិជ្ជកម្ម បានរត់គេចខ្លួនដោយមិនមាន គ្រោះថ្នាក់ដល់អាយុជីវិត។

មូលហេតុនៃឧបទ្ទវហេតុ ដែលបានកើតឡើងនៅលើផ្លូវរត់ នៃអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយ របស់ប្រទេសបន្ទាប់ពីយន្តហោះ JAL បានចុះចតនៅមិនទាន់ដឹងនៅឡើយទេ ខណៈដែលកំណត់ត្រាទំនាក់ទំនង ផ្លូវអាកាសមិនត្រូវបានបង្ហាញឱ្យដឹង។ ប្រភពពីក្រុមហ៊ុន JAL បានឲ្យដឹងថា យន្តហោះរបស់ខ្លួន ដែលមកពីសាប៉ូរ៉ូ​ត្រូវបានផ្តល់ការអនុញ្ញាតឱ្យចុះចត។

យោងតាមឆ្មាំឆ្នេរសមុទ្រ យន្តហោះរបស់វានឹងហោះទៅកាន់ខេត្ត Niigata ដើម្បីចែកចាយអាហារ និងទឹកដល់ប្រជាជនដែលរងផលប៉ះពាល់ ដោយគ្រោះរញ្ជួយដីកម្រិត ៧,៦រិចទ័រ ដែលបានវាយប្រហារឧបទ្វីបណូតូ និងតំបន់ជុំវិញរបស់វាតាមបណ្តោយ ឆ្នេរសមុទ្រជប៉ុនមួយថ្ងៃមុននេះ។ .

ឆ្មាំ​ឆ្នេរ​មិន​បាន​បញ្ជាក់​លម្អិត​ពី​កន្លែង ​ដែល​យន្តហោះ​របស់​ខ្លួន​ស្ថិត​ នៅ​លើ​អាកាស​នៅ​ពេល​បុក​នោះ​ទេ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៥និង ៤៧ នាទីល្ងាចភ្លាមៗបន្ទាប់ពីយន្តហោះ JAL បានចុះចតដោយមានអ្នកដំណើរ ៣៦៧ នាក់នៅលើយន្តហោះក្នុងនោះមានកុមារតូចៗ ៨នាក់។

យន្តហោះ​ប្រភេទ Airbus A350 បាន​ឈប់​នៅ​លើ​ផ្លូវ​រត់​បន្ទាប់​ពី ​រត់​បាន​មួយ​រយៈ​បន្ទាប់​ពី​បុក​ បន្ទាប់មក អ្នកដំណើរ និងនាវិកបានប្រើស្លាយសង្គ្រោះបន្ទាន់ ដើម្បីចេញពីតួយន្តហោះ ខណៈដែលវាត្រូវបានឆាបឆេះដោយអណ្តាតភ្លើង និងផ្សែង។

នាយកដ្ឋានពន្លត់អគ្គីភ័យ ទីក្រុងតូក្យូបាននិយាយថា វាត្រូវចំណាយពេល ៨ម៉ោងកន្លះ ទើបភ្លើងឆេះនៅលើយន្តហោះ JAL ទើបអាចគ្រប់គ្រងបាន​ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

យោងតាមប៉ូលីសបានឱ្យដឹងថា នៅលើយន្តហោះឆ្មាំឆ្នេរសមុទ្រ Bombardier DHC8-300 ដែលមានមូលដ្ឋាននៅអាកាសយានដ្ឋាននោះ ភ្លើងក៏ត្រូវបានពន្លត់ដែរ ប៉ុន្តែ ៥នាក់ក្នុងចំណោម ៦ នាក់នៅលើយន្តហោះ​​ ដែលមានអាយុចន្លោះពី ២៧ ទៅ ៥៦ ឆ្នាំត្រូវបានបញ្ជាក់ថា បានស្លាប់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top