តូក្យូ៖ យ៉ាងហោចណាស់មនុស្ស ៥៧ នាក់បានស្លាប់នៅក្នុងការរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារឧបទ្វីបណូតូ និងតំបន់ជុំវិញនៅកណ្តាលប្រទេសជប៉ុន នៅថ្ងៃចូលឆ្នាំសកល ខណៈដែលមានរបាយការណ៍អំពី ការខូចខាតកាន់តែច្រើនចូលមក ហើយក្រុមអ្នកជួយសង្គ្រោះ បានរត់ស្វែងរកអ្នករស់រានមានជីវិត ចំពេលមានការរញ្ជួយ ជាបន្តបន្ទាប់កាលពីថ្ងៃអង្គារ។
ការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័របានបំផ្លាញផ្ទះនៅស៊ូហ្សុ នៅចុងឧបទ្វីប និងបណ្តាលឱ្យមានអគ្គីភ័យនៅក្នុងទីក្រុងវ៉ាជីម៉ា ក្នុងខេត្ត Ishikawa ប៉ុន្តែទំហំនៃការខូចខាតទាំងស្រុងនៅមិនទាន់ដឹងនៅឡើយទេ ដោយមានកម្ទេចថ្ម និងផ្លូវខូចខាតការផ្គត់ផ្គង់ជំនួយ និងប្រតិបត្តិការជួយសង្គ្រោះ។
អភិបាលក្រុងស៊ូហ្សុ លោក Masuhiro Izumiya បានឲ្យដឹងនៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាលប្រចាំខេត្តថា “ស្ថានភាពកំពុងបំផ្លិចបំផ្លាញ ដោយសារផ្ទះប្រហែល ៩០ ភាគរយត្រូវបានបំផ្លាញទាំងស្រុង ឬស្ទើរតែទាំងស្រុង” ។
ជនរងគ្រោះទាំង ៥៧ រួមមាន ២៤ នាក់ដែលត្រូវបានរាយការណ៍នៅវ៉ាជីម៉ា និង ២០នាក់នៅ ស៊ូហ្សុ និង ៥នាក់នៅណាណាវ ក្នុងចំណោមអ្នកផ្សេងទៀត នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ការព្រមានអំពីរលកយក្សស៊ូណាមិ ដែលគ្របដណ្តប់តំបន់យ៉ាងទូលំទូលាយ តាមបណ្តោយសមុទ្រជប៉ុន ត្រូវបានដកចេញនៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីរលកខ្ពស់បំផុតយ៉ាងហោចណាស់ ១,២ ម៉ែត្របានទៅដល់កំពង់ផែវ៉ាជីម៉ា កាលពីថ្ងៃចន្ទបន្ទាប់ពីរញ្ជួយនៅម៉ោង ៤ និង១០នាទីរសៀល។
នៅទីក្រុងវ៉ាជីម៉ា អគារកម្ពស់ ៧ជាន់បានដួលរលំពីចំហៀង ខណៈដែលតំបន់កណ្តាល ដែលត្រូវបានគេស្គាល់ថា ជាផ្សារពេលព្រឹកត្រូវបាន ឆាបឆេះដោយភ្លើងដ៏ធំមួយ ដែលបានឆាបឆេះកាលពីថ្ងៃច័ន្ទ ៕
ប្រែសម្រួល ឈូក បូរ៉ា