បរទេស៖ ប្រធានគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូង គឺ លោក Lee Jae-myung ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានចាក់លោក អំឡុងពេលនៃការឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដែលបានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១០ និង ២៧ នាទីព្រឹក នៅពេលដែលបុរសមិនស្គាល់មុខម្នាក់បានចូលទៅជិតលោក Lee ហើយបានចាក់លោកចំ ក ផ្នែកខាងឆ្វេង។ អ្នកវាយប្រហារត្រូវបានបង្ក្រាបនិងចាប់ខ្លួនបានភ្លាមៗផងដែរ។
វីដេអូជាច្រើននៃឧបទ្ទវហេតុដែលត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញថា Lee ហ៊ុំព័ទ្ធដោយ ក្រុមអ្នកកាសែត ក្រោយមក ស្រាប់តែមានបុរសម្នាក់ស្ទុះមករកគាត់ជាមួយនឹងកាំបិត។
រូបថតជាច្រើនសន្លឹកនៅតាមអ៊ីនធឺណិត បង្ហាញពីអ្នកនយោបាយរបស់កូរ៉េខាងត្បូងរូបនេះ ដេកលើដីដោយបិទភ្នែក ហើយមនុស្សជុំវិញខ្លួនកំពុងរកកន្សែងរុំលើករបស់គាត់។
ស្ថានភាពរបស់លោក Lee Jae-myung មិនទាន់ច្បាស់ភ្លាមៗនោះទេ។ យោងតាមសារព័ត៌មាន យ៉ុនហាប់ លោក Lee នៅតែដឹងខ្លួន ប៉ុន្តែនៅតែបន្តហូរឈាម ខណៈលោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យប្រហែល ២០ នាទីបន្ទាប់ពីការវាយប្រហារ។
លោក Lee Jae-myung អាយុ ៥៩ ឆ្នាំបានចាញ់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២២ ជាមួយនឹងគូប្រជែងគឺលោក Yoon Suk-yeol ហើយលោកត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងឈរឈ្មោះម្តងទៀតនៅឆ្នាំ ២០២៧ ៕
ប្រែសម្រួលៈ ណៃ តុលា